(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន មន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានសម្តែងនូវការភ្ញាក់ផ្អើលចំពោះលិខិតរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលអង្គភាព Fresh News ចេញផ្សាយនៅថ្ងៃនេះ, ដោយលោក ផៃ ស៊ីផាន បានលើកឡើងថា លិខិតនេះហាក់ការបង្ហាញភាពទន់ភ្លន់ និងជាការសារភាពរបស់លោក សម រង្ស៊ី ជាសាធារណៈថា គ្មានសមត្ថកិច្ចគ្រប់គ្រាន់ក្នុងការគ្រប់គ្រងសកម្មជនគាំទ្ររបស់ខ្លួន។
តែយ៉ាងណាក៏ដោយអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីរូបនោះបានបញ្ជាក់ថា «សារលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន មួយច្បាប់នេះ មិនអាចជ្រៀតចូលកិច្ចការ របស់ស្ថាប័នតុលាការនោះទេ»។
លោក ផៃ ស៊ីផាន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំមានការភ្ញាក់ផ្អើលចំពោះសារលិខិតរបស់ឯកឧត្តម សម រង្ស៊ី ផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាការភ្ញាក់ផ្អើលមួយ ហើយចំណុចនេះឯកឧត្តម សម រង្ស៊ី បានសារភាពជាសាធារណៈថា គ្មានសមត្ថភាពគ្រប់គ្រងសកម្មជនគាំទ្ររបស់ខ្លួន ទាំងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្សនោះទេ គឺគាត់អត់មានសមត្ថភាពក្នុងការគ្រប់គ្រងពួកហ្នឹង»។
មន្រ្តីជាន់ខ្ពស់រូបនោះបានបញ្ជាក់យ៉ាងដូច្នេះទៀតថា «ឯកឧត្តម សម រង្ស៊ី មិនមានសមត្ថភាពគ្រប់គ្រងប៉ុណ្ណឹងបានផង តើអាចនឹងគ្រប់គ្រងប្រទេស ទាំងមូលម្តេចនឹងបាន ខ្ញុំមិនជឿគាត់គ្រប់គ្រងបាននោះទេ, មួយវិញទៀតសារលិខិតនេះមិនអាចជ្រៀតចូលកិច្ចការរបស់តុលាការនោះទេ»។
សូមជំរាបថា នៅរសៀលថ្ងៃនេះមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានទម្លាយឯកសារដ៏សំខាន់មួយមកកាន់អង្គភាព Fresh News ដោយនៅក្នុង លិខិតនោះបានឲ្យដឹងថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតមួយច្បាប់ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ដោយសម្តែងការ សោកស្តាយយ៉ាងខ្លាំង ចំពោះទង្វើរបស់ជនទាំងឡាយ ដែលប្រើប្រាស់ពាក្យពេចន៍ មិនសមរម្យ ថ្លៃថ្នូរ ប្រមាថ និងចោទប្រកាន់មកលើកូនប្រុស របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ។
នៅក្នុងលិខិតដែលទទួលបានពីមន្រ្តីជាន់ខ្ពស់ CNRP ផ្ញើមកនោះបានបញ្ជាក់ថា «យើងខ្ញុំសូមបញ្ជាក់សាជាថ្មីម្តងទៀត ជូនសម្តេច៉ជ្រាបថា គោលនយោបាយគណបក្សសង្គ្រោះជាតិប្រឆាំងដាច់ខាតនូវការប្រើប្រាស់អំពើហឹង្សា ការលាបពណ៌ ការប្រមាថ និងអំពើទាំងឡាយណា ដែលនាំឲ្យមានការឈឺចាប់ដល់អ្នកដទៃ»។ លោក សម រង្ស៊ី សូមចូលរួមចំលែកនូវការឈឺចាប់ជាមួយ សម្តេចតេជោ ហ៊ុន សែន ហើយសូមថ្កោលទោសចំពោះទង្វើអសីលធម៌ទាំងឡាយ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់សម្តេច និងក្រុមគ្រួសារ៕