(រតនគិរី)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជូនជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនាទៅសាលាដំបូងខេត្តរតនគិរី។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់ថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ខុន ស៊ាងឃុន អាយុ៤០ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅភូមិអុល ឃុំប៉ាតាង ស្រុកលំផាត់។

ការឃាត់ខ្លួនជនសង្ស័យ ក្រោយពីទទួលពាក្យបណ្តឹងករណីហិង្សាដោយចេតនាលើស្ត្រីម្នាក់ឈ្មោះ ជឹម សុនីតា ស្ថិតក្នុងភូមិអុល ឃុំប៉ាតាង កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។

ក្រោយមានអំពើហិង្សារួច ការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋានស្រុកលំផាត់ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ទោះបានឃាត់ខ្លួនជនសង្ស័យនាំមកឃុំខ្លួនបណ្តោះអាសន្ននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តរតនគិរី។

បើតាមមន្រ្តីនគរបាល នៅវេលាម៉ោង ១៧៖០០នាទីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ជនរងគ្រោះឈ្មោះ ជឹម សុនីតា បានអូសទុយោទឹកដើម្បីដាក់ទឹកឲ្យគេដែលកាត់ព្រំដីជនសង្ស័យ ក្រោយមកទុយោទឹកនោះបានធ្លាយនៅចំណុច ព្រំដីនោះ ជនរងគ្រោះបានស្រែកជេខ្លាំងៗមកប្អូនរបស់ខ្លួនថា ហេតុអ្វីបានជាមិនចេះមើលធ្វើឲ្យទឹកពាសពេញនឹងអស់។

លុះដល់ម៉ោង ២១៖៤០នាទី ជនសង្ស័យឈ្មោះ ខុន ស៊ាងឃុន ត្រឡប់មកពីកម្មវិធី (ស្រវឹងស្រា) បានមកផ្ទះជនរងគ្រោះហើយបានស្រែកសួរខ្លាំងៗថា ហេតុអ្វីបានជេរប្រពន្ធរបស់ខ្លួន ហើយក៏បានប្រើហិង្សាទៅលើជនរងគ្រោះតែម្តង។

លោក កែវ ភក្តី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី នៅវេលាម៉ោង ១០៖៥០នាទីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រាប់ភ្នាក់ងារ Fresh News ថា មន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានបញ្ជូនខ្លួនជនសង្ស័យខាងលើមកដល់តុលាការហើយ ប៉ុន្តែមិនចោទប្រកាន់ពីបទអ្វីនៅឡើយទេពោលគឺកំពុងបន្តនីតិវិធី៕