(ព្រះវិហារ)៖ រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី៧-៨-៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ខេត្តព្រះវិហារទទួល បានភ្ញៀវទេសចរមកទស្សនាកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍ផ្សេងទៀតក្នុងខេត្ត សរុបមានចំនួន ១៨,០៩៧ នាក់។

លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ថា ក្នុងចំណោមភ្ញៀវទេសចរចំនួន១៨.០៩៧នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ១៧,៧៩៤ នាក់ និងភ្ញៀវទេសចរបរទេសចំនួន ៣០៣ នាក់ផងដែរ។

សូមបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្តព្រះវិហារ ដែលភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស តែងទៅកំសាន្តរួមមាន៖ ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ប្រាសាទកោះកែរ ស្ថិតក្នុងស្រុកគូលែន ភ្នំត្បែងមានជ័យ ស្ថិតក្នុងស្រុកត្បែងមានជ័យ ទឹកធ្លាក់ព្រះនិម្មិត ស្ថិតក្នុងស្រុកឆែប ជាប់ព្រំដែនឡាវ។

ក្នុងឆ្នាំនេះដែរខេត្តព្រះវិហារ ក៏បានប្រារព្វពិធីប្រណាំងទូកលក្ខណៈសហគមន៍ និងបណ្តែតប្រទីប បង្ហោះគោម អកអំបុក នៅតំបន់ទេសចរសហគមន៍ទំនប់៩៥ ដើម្បីបង្ករការសប្បាយដល់ប្រជាពលរដ្ឋផងដែរ៕