(ព្រះសីហនុ)៖ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានថ្លែងថា កត្តាសន្តិភាពបានជំរុញឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ទទួលបាននូវសុភមង្គលគ្រប់ក្រុមគ្រួសារ និងមានសិទ្ធិសេរីភាពពេញលេញ ក្នុងការចូលរួមប្រារព្ធពិធីបុណ្យប្រពៃណីជាតិ និងបុណ្យសាសនាផ្សេងៗ យ៉ាងសប្បាយរីករាយ ហើយកម្ពុជាទទួលបានឱកាសការងារយ៉ាងច្រើននៅទូទាំងប្រទេស។
ការថ្លែងបែបនេះរបស់លោក ស្បោង សារ៉ាត ក្នុងឱកាសដែលលោក និងលោកស្រី ស៊ាន ឈុនហេង ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី រៀបចំពិធីបណ្តែតប្រទីប អកអំបុក សំពះព្រះខែ ស្ថិតនៅមហាពុទ្ធមណ្ឌល លម្ពីនីវលក្ខណ៍ ព្រហ្មវត្តី ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ពិធីនេះក៏មានការអញ្ជើញ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត សូត្រផ្លុំធាតុថ្វាយព្រះសម្មាសម្ពុធ ធម្មចក្រមហាសម័យឥសីតាលី ដែលជាការគោរពតាមទំនៀមទំលាប់ដែលបែបសាសនា។
ជាមួយគ្នានេះ លោក ស្បោង សារ៉ាត បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជាទទួលបាននូវសុខសន្ដិភាព និងមានការអភិវឌ្ឍរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យនៅទូទាំងកម្ពុជា ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង។
លោកបានបន្ថែមទៀតថា ពិធីនេះ ភាគច្រើនគេប្រារព្ធធ្វើឡើង នៅចំពេលរដូវទឹកសម្រក ក្នុងខែកត្តិក ឬខែវិច្ឆិកា ដែលជាថ្ងៃព្រះចន្ទរះពេញ រង្វង់មូលត្រូវនឹងថ្ងៃ១៥ កើត ខែកត្តិក ដោយបានផ្សាភ្ជាប់ជាមួយព្រះរាជពិធី បុណ្យអុំទូក បណ្ដែត ប្រទីប។ ពិធីបុណ្យ សំពះ ព្រះ ខែ និងអកអំបុកជាប្រពៃណីទំនៀមទម្លាប់ខ្មែរដែលជា មរតកវប្បធម៌ដូនតាបានបន្សល់ទុកតាំងពីសម័យ បុរាណយូរលង់ណាស់មកហើយ ដើម្បីឲ្យកូនចៅរបស់យើងបានស្គាល់នឹងរក្សាបាននូវទំនៀមទំលាប់ប្រពៃណីខ្មែរ សម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
សូមបញ្ជាក់ថា លោក ស្បោង សារ៉ាត និងលោកស្រី ស៊ាន ឈុនហេង ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី តែងតែរៀបចំពិធីបណ្តែតប្រទីប អកអំបុក សំពះព្រះខែ ស្ដិតនៅមហាពុទ្ធមណ្ឌល លម្ពីនីវលក្ខណ៍ ព្រហ្មវត្តី ជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ភាពសប្បាយរីករាយអបអរសាទរព្រះរាជពិធី បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ការបង្ហោះគូម និងមានការបាញ់កាំជ្រួចបង្កើនការសប្បាយរីករាយជូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ៕