(ព្រះសីហនុ)៖ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៃពិធីបុណ្យអុំទូក អកអុំបុក បណ្តែតប្រទីប សំពះព្រះខែ ខេត្តព្រះសីហនុ មានភ្ងៀវទេសចរជាតិ និងអន្តរជាតិ ចូលមកលេងកម្សាន្តមានចំនួន ៤៩៤,៩១៩នាក់ ឃើញថាមានការកើនឡើងច្រើនគួរកត់សម្គាល់នេះបើធៀបទៅនឹងពិធីបុណ្យអុំទូកនៅឆ្នាំមុនៗ។

យោងតាមរបាយការណ៍របស់អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងថា កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកលេងកម្សាន្តមានចំនួន ៤៩៤,៩១៩នាក់នេះ ក្រោយមានការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងឆ្នេរស្អាតធំទូលាយ មានបន្ទប់ទឹកសាធារណៈស្តង់ដា ការការពារសន្តិសុខសណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ រួមផ្សំនឹងការរៀបចំព្រឹត្តិការណ៍ ការតាំងពិព័រណ៌អន្តរជាតិ ការប្រគុំតន្ត្រី ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកម្សាន្តក្នុងខេត្តព្រះសីហនុ។

បន្ថែមពីនេះបើយោងតាមរបាយការណ៍របស់អាកាសចរណ៍ស៉ីវិល បានឱ្យដឹងថា ភ្ញៀវទេសចរដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ ថ្ងៃទី០៣ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ បើធៀបនឹងឆ្នាំ២០២១ មានដូចខាងក្រោម៖

ទី១៖ ភ្ញៀវទេសចរផ្ទៃក្នុងសរុបចំនួន ១៧១,៩៩៦នាក់ កើនឡើង ២៥០,៩៧% ក្នុងនោះ

*ភ្ញៀវជាតិ ១៦៩,៥៨៦នាក់ កើនឡើង ២៦៣,៩៣%
*ភ្ញៀវបរទេស ២,៤១០នាក់ កើនឡើង ០,១២%

ទី២៖ មានភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិ ចំនួន ០២ជើង ស្មើនឹងភ្ញៀវសរុប៦៣នាក់ កើនឡើង ៤២៥% ជាតិ០៥នាក់ ស្មើឆ្នាំមុន និងអន្តរជាតិ ៥៨នាក់ កើនឡើង ៧២៨,៥៧% (ឆ្នាំ២០២១ មានជើងហោះហើ០១ជើង មានភ្ញៀវសរុប១២នាក់ ជាតិ ០៥នាក់ អន្តរជាតិ ១២នាក់)។

ទី៣៖ ភ្ញៀវទេសចរទៅកម្សាន្តតាមកោះនានាមាន៖

*ភ្ញៀវសរុប ៧១១នាក់ កើនឡើង ៣៦,២១%
*ភ្ញៀវជាតិ ៤៣០នាក់ ថយចុះ ៧,៣៣%
*ភ្ញៀវបរទេស ២៨២នាក់ កើនឡើង ៣៨៤,៤៨% ។

ទី៣៖ ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរនិង រមណីយដ្ឋាននានាក្នុងខេត្ត៖

*ភ្ញៀវសរុប ១៧១,២២២នាក់ កើនឡើង ២៥៣,២៤%
*ភ្ញៀវជាតិ ១៦៩,១៥១នាក់ កើនឡើង ២២៦,៦៦%
*ភ្ញៀវបរទេស ២,០៧១នាក់ ថយចុះ ១១,៤៦%៕