(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីថា សម្តេចនឹងបន្តធ្វើជាបេក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោត​អាណត្តិក្រោយ​សម្រាប់ឆ្នាំ២០១៨-២០២៣ ខាងមុខនេះ ហើយធានាអះអាងជាមួយសាសនិកអ៊ីស្លាមថា សម្តេចនឹងរៀបចំពិធីពិសាអាហារស្រាយបួស ជាមួយបងប្អូនខ្មែរអ៊ីស្លាមជារៀងរាល់ឆ្នាំ ដរាបណាសម្តេច​នៅតែជានាយករដ្ឋមន្រ្តី។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ថ្នាក់ជាតិលើកទី៣ ជាមួយនឹង សាសនិកអ៊ីស្លាមប្រមាណ៤៥០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ ស្របពេលដែលកម្ពុជា កំពុងត្រៀមខ្លួន នៅក្នុងការរៀបចំការបោះឆ្នោតសំខាន់ៗ នៅឆ្នាំ២០១៧ និងឆ្នាំ​២០១៨ ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «នៅក្នុងដំណាក់កាលរបស់ខ្ញុំ ក្នុងឋានៈជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាពីនេះដល់ឆ្នាំ២០១៨ គឺមានន័យថា នៅឆ្នាំ២០១៧ និងឆ្នាំ​២០១៨ ខ្ញុំនឹងបន្តធ្វើកិច្ចការងារនេះ ហើយខ្ញុំនឹងបន្តជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ជាបន្តទៀត ហើយពេល​នោះខ្ញុំសង្ឃឹម​ថា ខ្ញុំនឹងរៀបចំ​ពិធីនេះជាបន្តទៀត រហូតដល់ឆ្នាំ២០២៣ ហើយពេលនោះឆ្នាំ២០២៣ ខ្ញុំក៏មិនទាន់ជាចាស់ប៉ុន្មាននោះទេ ភរិយាខ្ញុំក៏នៅតែសរសើរខ្ញុំថា នៅក្មេងនៅឡើយ»

ក្រៅអំពីការប្រកាសជំហរបែបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកអំពីការដឹកនាំរបស់សម្តេចរយៈពេលជាង៣០ឆ្នាំមកនេះថា បានដឹកនាំកម្ពុជាដោយអនុវត្តទៅតាមការទូន្មានរបស់សាសនានានា នៅក្នុងប្រទេស។ សម្តេចថា «មិនថាព្រះអាល់ឡោះ ព្រះពុទ្ធ គ្រឹស្តសាសនា ឬសាសនាដទៃទេ គឺប្រៀនប្រដៅមនុស្សឱ្យធ្វើអំពើល្អ»

សម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវដោយសង្ឃឹមថា មេដឹកនាំរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ថ្នាក់ខេត្ត នឹងអាចចូលរួមពិសារអាហារស្រាយបួសជាមួយបងប្អូនអ៊ីស្លាម នៅតាមវិហារអ៊ីស្លាមនានា ផងដែរ៕