(ភ្នំពេញ)៖ កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣១ បានរៀបចំឡើង នៅវេលាម៉ោង ០៩៖៤៥ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅសណ្ឋាគារសុខាភ្នំពេញ។ កិច្ចប្រជុំនេះ មានការចូលរួមពីរដ្ឋមន្ត្រី ACC និងអគ្គលេខាធិការអាស៊ាន។

ACC មានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យការអភិវឌ្ឍ និងការអនុវត្តឯកសារតាមការចាត់តាំងដោយមេដឹកនាំអាស៊ាន។ ឯកសារត្រូវស្វែងរកធាតុចូល និងការឯកភាពពីក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី គឺក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន (APSC) ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) និងក្រុមប្រឹក្សាសហគមន៍សង្គមវប្បធម៌អាស៊ាន (ASCC) មុនពេលដាក់ជូនមេដឹកនាំអាស៊ានដើម្បីអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ាន។

សូមជម្រាបថា សូមជម្រាបថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ បាននិងកំពុងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ តាមទម្រង់ដោយផ្ទាល់។ កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០០២ និង២០១២៕