(កណ្ដាល)៖ ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន គឺជាមហាបុរសរដ្ឋ ជាបិតាស្ថាបនិកសន្តិភាពរបស់ប្រជាពលរដ្ឋកម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជា គឺជាថ្នាំទិព្វដ៏វិសិទ្ធ ដែលបានផ្តល់ថាមពលដ៏មហាសាលជូនដល់សម្ដេចតេជោ ហ៊ុន សែន។

ការលើកឡើងរបស់ ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានធ្វើឡើងក្នុងឱកាសលោករួមជាមួយ អ្នកឧញ៉ា លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជាដំណាងសម្ដេចតេជោ ហ៊ុន សែន បានដង្ហែអង្គកឋិនទានរបស់សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅកាន់វត្តសាលាអណ្ដែត ស្ថិតនៅភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុងស្អាង ខេត្តកណ្ដាល នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ។

ក្នុងឱកាសមតិស្វាគមន៍ និងសំណេះសំណាល អ្នកឧញ៉ា លី សាម៉េត បានថ្លែងថា ពិធីបុណ្យកឋិនទាន គឺជាបុណ្យមួយដែលមានចែងក្នុងសាសនាព្រះពុទ្ធ មានតែ២៩ថ្ងៃគត់ គឺចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។

ក្នុងឱកាសដ៏រីករាយក្នុងវិស័យព្រះពុទ្ធសាសនា ឧត្តមសេនីយ៍ឯក មាស ប៊ុនឡឺ បានបញ្ជាក់ថា សមិទ្ធផលនានាកំពុងទទួលផលនាពេលនេះ បានកើតឡើងនៅក្នុងទឹកដីកម្ពុជា គឺបានមកដោយលំបាក ក្រោមការលះបង់យ៉ាងធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីសង្គ្រោះជាតិ និងប្រជាពលរដ្ឋឱ្យបានរួចផុតពីការកាប់សម្លាប់ ធ្វើទារុណកម្មរបស់ពួកប្រជាធិបតេយ្យក្លែងក្លាយ ប៉ុល ពត និងបានខិតខំរួមគ្នាបង្កើតឡើង នៃគោលនយោបាយឈ្នះឈ្នះ រួបរួមជាតិ ផ្សះផ្សាជាតិ របស់សម្ដេចតេជោ ហ៊ុន សែន និងការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា កសាងប្រទេសពី គំនរផេះផង់ រហូតដល់បច្ចុប្បន្នមានការអភិវឌ្ឍគ្រប់វិស័យ ក្លាយជាប្រទេសមួយជឿនលឿនក្នុងតំបន់អាស៊ី។

ឧត្តមសេនីយ៍ឯក បានបន្តថា៖ «អ្វីដែលពិសេសនោះ គឺសម្តេចតេជោ ហ៊ុន សែន តែងតែរួមរស់ជាមួយប្រជាពលរដ្ឋកម្ពុជាគ្រប់កាលៈទេសៈ មិនដែលទុកប្រជាលរដ្ឋចោលនោះឡើយ ហើយប្រជាពលរដ្ឋ គឺជាថ្នាំទិព្វដ៏វិសិទ្ធដែលបានផ្តល់ថាមពលដ៏មហាសាលជូនដល់សម្ដេចតេជោ ហ៊ុន សែន ដើម្បីបន្តដឹកនាំនាវាសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជូនជាតិមាតុភូមិកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា គ្រប់តំបន់ទូទាំងប្រទេស បានរស់នៅដោយសេរីភាព និងប្រកបដោយសុខសុភមង្គល ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព»

ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបន្តការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត ដើម្បីការពារសន្តិភាព សុភមង្គលប្រជាពលរដ្ឋកម្ពុជាឱ្យបានជារៀងរហូត និងបន្តគាំទ្រការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏វាងវៃរបស់សម្ដេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេននាពេលអនាគត។

ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បាននាំមកនូវថវិកា និងបច្ច័យដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបច្ច័យពុទ្ធបរិស័ទចំណុះជើងវត្ត សរុបចំនួន ១៣២លានរៀល សម្រាប់កសាងសមិទ្ធផលក្នុងទីអារាម៕