(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ ត្រូវបានបើកដំណើរការហើយ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន នាសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ឆ្នាំ២០២២ បានថ្លែងសូមស្វាគមន៍ការកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅរាជាធានីភ្នំពេញ។ នេះជាលើកដំបូង ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ ដែលកិច្ចប្រជុំកំពូលមួយនេះ អាចទទួលស្វាគមន៍ភ្ញៀវបរទេសដោយផ្ទាល់។

អ្នកឧកញ៉ាបន្តថា មូលបទនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំនេះ គឺអនុលោមទៅតា មូលបទរដ្ឋាភិបាល៖ អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ តំបន់អាស៊ីអាគ្នេយ៍ កំពុងតែស្ថិតក្នុងពេលវេលាដ៏ប្រឈម។ ឥទ្ធិពលនៃភូមិសាស្ត្រនយោបាយ ការកើនឡើងនៃអតិផរណា ការរាំងស្ទះខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងកម្រិតខុសៗគ្នានៃការបើកឡើងវិញនៃសេដ្ឋកិច្ច បង្កជាការលំបាកសម្រាប់ឆ្នាំ២០២២។

អ្នកឧកញ៉ាបន្ថែមថា «ដោយសារតែសេដ្ឋកិច្ច កំពុងតែព្យាយាមជម្នះត្រឡប់មកសភាពដើមវិញ គឺជាការចាំបាច់ ដែលយើងត្រូវសហការគ្នា មិនត្រឹមតរួមគ្នាដោះស្រាយបញ្ហាប្រឈមប៉ុណ្ណោះទេ គឺថែមទាំងរួមគ្នារៀបចំអនាគតផងដែរ ដែលមានលក្ខណៈឌីជីថល និងមិនប៉ះពាល់ដល់អាកាសធាតុ។ ផ្អែកលើគោលការណ៍នេះ យើងខ្ញុំបានរៀបចំកម្មវិធីនៃកិច្ចប្រជុំនេះ ដើម្បីឲ្យយល់កាន់តែច្បាស់ អំពីរឿងដែលកំពុងកើតឡើងនៅអាស៊ាន និងបញ្ហាគន្លឹះដែលត្រូវស្វែងយល់សម្រាប់ផែនការឆ្នាំ ២០២៣»

បើតាមអ្នកឧកញ៉ា គិត ម៉េង ក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២នេះ នឹងមានកិច្ចពិភាក្សាចំនួនបួន ដែលចូលរួមដោយអ្នកជំនាញមកពីប្រទេសអាស៊ាន និងដៃគូសន្ទនាអាស៊ាន ដែលនឹងពិភាក្សាអំពី៖
១៖ ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអាស៊ាន
២៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និងការវិនិយោគនៅអាស៊ាន
៣៖ ការត្រៀមសម្រាប់ឌីជីថលអាស៊ាន
៤៖ អាស៊ានដែលបៃតងជាងមុន និងប្រកបដោយចីរភាព

អ្នកឧកញ៉ាបានឲ្យដឹងទៀតថា អស់រយៈពេលពេញមួយឆ្នាំកន្លងទៅនេះ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចចម្រុះ បានខិតខំជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងកំណើនសេដ្ឋកិច្ចអាស៊ាន៕