(ប៉ារីស)៖ សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប (UEFA) បានគម្រាមដកសិទ្ធិក្រុមជម្រើសជាតិរុស្ស៊ីចេញពីការប្រកួតបាល់ទាត់ Euro 2016 និងពិន័យជាប្រាក់ ១៥០,០០០អឺរ៉ូ បើសិនជាក្រុមអ្នកគាំទ្ររបស់រុស្ស៊ី បង្កភាពច្របូកច្របល់ និងអំពើហិង្សាដល់អ្នកដទៃម្ដងទៀត នៅក្នុងអំឡុងពេលប្រកួត ដូចកាលពីចុងសប្ដាហ៍មុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅមុននេះបន្តិច។
ការចេញសេចក្ដីព្រមានរបស់ UEFA នេះ បានធ្វើឡើងក្រោយពីលទ្ធផលស៊ើបអង្កេតបានរកឃើញថា ក្រុមអ្នកគាំទ្ររបស់រុស្ស៊ី បានបង្កហិង្សាដល់ក្រុមអ្នកគាំទ្រ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស រួមទាំងអ្នកដែលបានទៅទស្សនាការប្រកួត រវាងអង់គ្លេស និងរុស្ស៊ី នៅកីឡាដ្ឋាន Stade Vélodrome ក្នុងប្រទេសបារាំង។
គួរបញ្ជាក់ផងដែរថា នៅរាត្រីកាលពីរាត្រីថ្ងៃសៅរ៍ ទី១១ មិថុនា កន្លងទៅនេះ ក្រុមជម្រើសជាតិអង់គ្លេស និងរុស្ស៊ី បានប្រកួតសន្សំពិន្ទុក្នុងពូល B ដោយជាលទ្ធផលស្មើ ១-១ ប៉ុន្តែនៅក្នុងការប្រកួតគឺកើតមានករណីប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រជម្រើសជាតិរុស្ស៊ី និងអង់គ្លេស ដែលបណ្ដាលឲ្យមនុស្ស ២០នាក់ចូលពេទ្យ ក្នុងនោះមាន ២នាក់របួសធ្ងន់៕