(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងពីតួនាទីយ៉ាងសំខាន់ និងមិនអាចខ្វះបានរបស់វិស័យឯកសារ ក្នុងការចូលរួមជាមួយអាស៊ាន ដើម្បីស្តារកំណើនសេដ្ឋកិច្ចឡើងវិញពីវិបត្តិ។
ជាមួយគ្នានេះ សម្តេចតេជោបញ្ជាក់ថា ក្នុងបរិការណ៍ដែលស្ថានភាពសង្គម-សេដ្ឋកិច្ច បានត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ទាមទារឲ្យវិស័យឯកជន ត្រូវតែចូលរួមឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជំរុញកិច្ចអភិវឌ្ឍតំបន់ ប្រកបដោយបរិយាប័ន្ន, ភាពធន់ និងចីរភាព តាមរយៈសកម្មភាពអាទិភាពសំខាន់ៗចំនួន៥។
ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោប្រធានអាស៊ាន ធ្វើឡើងក្នុងឱកាសអញ្ជើញក្នុងពិធីបើកនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ ២០២២ រាជធានីភ្នំពេញ នាថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២២។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្រេចបាននូវការស្ដារកំណើនសេដ្ឋកិច្ច ក៏ដូចជាការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ក្នុងតំបន់នាពេលកន្លងមក គឺមិនអាចសម្រេចបាននោះទេ ប្រសិនបើគ្មានការចូលរួមចំណែកយ៉ាងសកម្មពីវិស័យឯកជន។
ក្នុងបរិការណ៍ដែលស្ថានភាពសង្គម-សេដ្ឋកិច្ច បានត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ សម្តេចបានសូមគូសបញ្ជាក់ថា វិស័យឯកជនមានតួនាទីកាន់តែសំខាន់ និងមិនអាចខ្វះបាន ក្នុងការចូលរួមជាមួយអាស៊ាន ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជំរុញកិច្ចអភិវឌ្ឍតំបន់ ប្រកបដោយបរិយាប័ន្ន, ភាពធន់ និងចីរភាពដូចជា៖
១៖ ការជំរុញសកម្មភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និង ការវិនិយោគ, ជាពិសេស ការជំរុញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត ក៏ដូចជាការទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ន ដែលមានស្រាប់
២៖ ការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន, បច្ចេកវិទ្យាឌីជីថល, ការស្រាវជ្រាវ និង អភិវឌ្ឍន៍,និង ការលើកកម្ពស់នវានុវត្តន៍
៣៖ ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យា, ចំណេះដឹងនិង ចំណេះធ្វើ, ការបណ្តុះបណ្តាលជំនាញឡើងវិញ (Re-skilling) និង ការលើកកម្ពស់ជំនាញបន្ថែម (Upskilling)
៤៖ ការលើកកម្ពស់កិច្ចអភិវឌ្ឍប្រកបដោយភាតរភាពបរិស្ថាន និង ការជំរុញឌីជីថលភាវូបនីយកម្ម ជាមួយនឹងការលើកកម្ពស់ ការកាត់បន្ថយគម្លាតឌីជីថល
៥៖ ការបំពេញបន្ថែមនូវតម្រូវការផ្នែកហិរញ្ញវត្ថុ សម្រាប់ការស្តារឡើងវិញនូវកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព។ល។
សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា សម្រាប់កម្ពុជា ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ប្រកបដោយភាពធន់, ចីរភាព និងបរិយាប័ន្ន, រាជរដ្ឋាភិបាលបានអនុម័តនូវ «ច្បាប់ស្ដីពីវិនិយោគ» ថ្មីមួយ និង បានដាក់ចេញនូវ «ក្របខណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីស្តារសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣»។
រាជរដ្ឋាភិបាលក៏បាន និងកំពុងបន្តខិតខំបង្កើនការវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ, ទាំងរូបវន្ត និង ឌីជីថល, លើកកម្ពស់គុណភាពសេវាឡូជីស្ទីក, បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ, ជំរុញការអភិវឌ្ឍជំនាញ និង ការធ្វើទំនើបកម្មប្រព័ន្ធសន្តិសុខសង្គមជាដើម។ ជាមួយគ្នានេះ, ក្នុងនាមជាភាគីមួយនៃកិច្ចព្រមព្រៀងអាសិប, កម្ពុជាសូមបញ្ជាក់សាជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះប្រព័ន្ធពាណិជ្ជកម្មស្របតាមវិធាននៃច្បាប់ និងសូមស្វាគមន៍រាល់ការធ្វើធុរកិច្ច និងការវិនិយោគ ពីសំណាក់ប្រទេសសមាជិកអាស៊ានទាំងអស់ និងគ្រប់បណ្តាភាគី ។
សម្តេចបានលើកឡើងទៀតថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជាសូមផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគអាស៊ាន។ កម្ពុជាសូមសម្ដែងការប្ដេជ្ញាចិត្តក្នុងការសហការយ៉ាងជិតស្និទ្ធរួមគ្នាជាមួយនឹងប្រទេសសមាជិកអាស៊ាន និង ដៃគូសន្ទនាអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកភាពធន់រឹងមាំ, ចីរភាព, បរិយាប័ន្ន និង ភាពប្រកួតប្រជែងខ្ពស់៕