(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានប្ដូរវេន ឆ្នាំ២០២២ បានលើកឡើងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) គឺជាសមិទ្ធផលមួយដ៏សំខាន់របស់ អាស៊ាន ដោយយើងបានខិតខំប្រឹងប្រែងរួមគ្នាក្នុងការបើកទូលាយសេដ្ឋកិច្ច ព្រមទាំងធ្វើពិពិធកម្មទីផ្សារតំបន់។
ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូូវក្ដីរំពឹងយ៉ាងមុតមាំថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំនេះ នឹងជំរុញដល់ការធ្វើពាណិជ្ជកម្មទាំងក្នុង និងក្រៅអាស៊ាន ក៏ដូចជាធ្វើឲ្យកាន់តែទូលំទូលាយថែមទៀត នូវសមាហរណកម្មសេដ្ឋកិច្ចតំបន់។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះ គូសបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) គឺជាសមិទ្ធផលមួយដ៏សំខាន់របស់ អាស៊ាន ដោយយើងបានខិតខំប្រឹងប្រែងរួមគ្នាក្នុងការបើកទូលាយសេដ្ឋកិច្ច ព្រមទាំងធ្វើពិពិធកម្មទីផ្សារតំបន់របស់យើង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំនេះ នឹងជំរុញដល់ការធ្វើពាណិជ្ជកម្មទាំងក្នុង និង ក្រៅអាស៊ាន ក៏ដូចជាធ្វើឱ្យកាន់តែទូលំទូលាយថែមទៀតនូវសមាហរណកម្មសេដ្ឋកិច្ចតំបន់»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ថែមទៀតថា នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ កាលពីខែសីហា កន្លងទៅនេះ កម្ពុជាបានស្នើឲ្យមានលេខាធិការដ្ឋានអាសិប នៅរាជធានីភ្នំពេញ ដើម្បីបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះពាណិជ្ជកម្មសេរី និងការបើកចំហក្នុងតំបន់អាស៊ាន។
សម្ដេចតេជោ ហ៊ុន សែន ក៏បានទាញចំណាប់អារម្មណ៍ថា ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល កំពុងស្រាកស្រាន្ដគួរឲ្យកត់សម្គាល់, ស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចសកល នៅតែមានភាពផុយស្រួយ និង ងាយរងនូវវិបត្តិថ្មី, ដោយយើងនៅបន្តប្រឈមនឹងបញ្ហាថ្មីៗ និង កាន់តែស្មុគស្មាញ ដែលកំពុងកើតឡើងជាបន្តបន្ទាប់, ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន និងភូមិសាស្ត្រនយោបាយ។
បើតាមប្រសាសន៍របស់សម្ដេចតេជោ, ក្នុងស្មារតីនេះ អាស៊ានត្រូវបន្តប្រកាន់ភ្ជាប់នូវគោលការណ៍ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងការបន្តជំរុញការធ្វើសេរីភាវូបនីយកម្ម ដើម្បីលើកកម្ពស់អាស៊ានឲ្យក្លាយទៅជាតំបន់មួយដែលមានលក្ខណៈបើកចំហ, តម្លាភាព, បរិយាប័ន្ន, ទន្ទឹមត្រូវបន្តរក្សាឲ្យបាននូវ«មជ្ឈភាព» និង «ឯកភាពអាស៊ាន» ក្នុងការកសាងទំនាក់ទំនងសកល និង តំបន់។
បន្ថែមលើនេះ អាស៊ានក៏ត្រូវធ្វើឲ្យកាន់តែប្រសើរថែមទៀតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនានាដែលមានស្រាប់ សំដៅធានាថា កិច្ចព្រមព្រៀងទាំងនោះនៅតែរក្សាបាននូវទំនើបកម្ម, ទាន់សម័យ, មានលក្ខណៈកាន់តែប្រសើរ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះនិន្នាការធុរកិច្ច និងការវិនិយោគនាបច្ចុប្បន្ន។
សូមរំលឹកថា អាសិបត្រូវបានប្រកាសឲ្យចាប់ផ្ដើមចរចាកាលពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដែលកម្ពុជាជាប្រធានអាស៊ាន។
ឆ្នាំ២០២២នេះ ជាខួបអនុស្សាវរីយ៍គម្រប់១០ ឆ្នាំ បន្ទាប់ពីការប្រកាសចរចាកិច្ចព្រមព្រៀងនេះ ហើយក៏ជាឆ្នាំដែលអាសិបត្រូវបានចូលជាធរមានស្របពេលដែលកម្ពុជា ជាប្រធានអាស៊ានជាថ្មីម្ដងទៀត។
សមាជិកអាស៊ាន និងប្រទេសដៃគូទាំងអស់ បានចាយពេលប្រមាណជាង៨ឆ្នាំ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដោះស្រាយរាល់ការលំបាក និងភាពស្មុគស្មាញ ដោយមិនខ្លាចនឿយហត់ក្នុងការចរចាកិច្ចព្រមព្រៀងនេះរហូតសម្រេចបានជោគជ័យដូចបំណង៕