(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងហ្វីលីពីន បានលើកទឹកចិត្តឱ្យភាគីទាំងពីរ ពន្លឿនការចរចាលើសេចក្តីព្រាងកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ដើម្បីជំរុញសកម្មភាពវិនិយោគ និងពាណិជ្ជកម្មនៃប្រទេសទាំង២។

ការឯកភាពគ្នាជំរុញឲ្យពន្លឿនការចរចាលើសេចក្តីព្រាងកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា នេះធ្វើឡើងក្នុងក្នុងជំនួបទ្វេភាគី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក អែនរីកគេ អេ ម៉ាណាឡូ (Enrique A. Manalo) រដ្ឋមន្រ្ដីការបរទេសហ្វីលីពីន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ។

សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា «រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ដោយក្តីពេញចិត្ត ចំពោះកំណើននៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយដើម្បីជំរុញបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើវិស័យ វិនិយោគ និងពាណិជ្ជកម្មទ្វេភាគី រដ្ឋមន្ត្រីការបរទេសទាំងពីរ បានលើកទឹកចិត្តឱ្យភាគីទាំងពីរ ពន្លឿនការចរចាលើសេចក្តីព្រាងកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា»

ក្នុងជំនួបនោះ រដ្ឋមន្ត្រីទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាពដ៏យូរអង្វែង ទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរលើវិស័យជាច្រើន។

លោក ម៉ាណាឡូ បានអបអរសាទរកម្ពុជាសម្រាប់ «ភាពជាប្រធានអាស៊ានដ៏ល្អឯក» ខណៈពេលដែលលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណហ្វីលីពីន ដែលបានគាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២។

រដ្ឋមន្រ្តីការបរទេសទាំងពីរ បានចែករំលែកជំនឿជាក់ថា ជំនួបទ្វេភាគីរវាងប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាកូស និងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈពេលដែលប្រទេសទាំងពីរ កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត នឹងបន្ថែមសន្ទុះដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី។

រដ្ឋមន្រ្តីការបរទេសទាំងពីរ បានរំលឹកអំពីលទ្ធផលប្រកប ដោយផ្លែផ្ការបស់កិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន ដែលធ្វើជាសហប្រធានដោយឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក តែវដូរ៉ូ ឡក់ស៊ីន ជេអរ អតីតរដ្ឋមន្រ្ដី ការបរទេសហ្វីលីពីន កាលពីខែធ្នូ ឆ្នាំមុន និងបានលើកទឹកចិត្តឱ្យអនុវត្តកំណត់ហេតុនៃកិច្ចប្រជុំនោះ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ភាគីទាំងពីរ ក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ដ៏ល្អនាពេលបច្ចុប្បន្ន។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានស្នើភាគីហ្វីលីពីនបង្កើនការនាំចូលអង្ករ និងទាញយកប្រយោជន៍ពីច្បាប់ វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់នូវការលើកទឹកចិត្តច្រើនជាងមុន សម្រាប់ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសក្នុងឧស្សាហកម្មកសិ-ម្ហូបអាហារ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានលើកឡើងពីរការជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ហើយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានផ្តល់អនុសាសន៍ឱ្យបង្កើនជើងហោះហើរត្រង់រវាងទីក្រុងម៉ានីល-រាជធានីភ្នំពេញ-ទីក្រុងម៉ានីល និងលទ្ធភាពហោះហើរ រវាងទីក្រុងសេប៊ូ-សៀមរាប-សេប៊ូ ។

កិច្ចសហប្រតិបត្តិការ លើវិស័យការអភិវឌ្ឍធនធានមនុស្ស សន្តិសុខនិងការពារជាតិ កសិកម្ម និងការផ្លាស់ប្តូរការគាំទ្រ គា្នរវាងប្រទេសទាំងពីរនៅលើឆាកអន្តរជាតិ ក៏ត្រូវបានលើកយកមកពិភាក្សានៅក្នុងជំនួបនេះផងដែរ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាពីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ដែលក្នុងឱកាសនោះលោក ម៉ាណាឡូ បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងឋានៈប្រសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា និងបានបញ្ជាក់ពីការបន្តគាំទ្ររបស់ហ្វីលីពីន ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា៕