(បាភ្នំ-ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ រួមជាមួយសហការី បានជួបសំណេះសំណាលជាមួយបងប្អូន កម្មករ ពលករចំណាកស្រុក របស់ឃុំទាំង៩ នៃស្រុកបាភ្នំ ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងបុណ្យប្រពៃណីជាតិ អុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ។
ជំនួបសំណេះសំណាលសាកសួរសុខទុក្ខនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នាទីលានបាលទាត់ស្រុកបាភ្នំ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី អនុប្រធាន និងសមាជិក ក្រុមការងារស្រុក ប្រធានក្រុមការងារ ឃុំ មេឃុំ មេភូមិ និង មន្រ្តី មូលដ្ឋាន និងបងប្អូនកម្មករ ពលករចំណាកស្រុក សរុបអ្នកចូលរួម មានចំនួន ប្រមាណជិត ៤០០០នាក់។
បន្ទាប់ពី លោក ឡាយ សំអឿន អភិបាលស្រុកបាភ្នំ ធ្វើសេចក្តីរាយការណ៍ពីស្ថានភាពរួមនៃ ការងារ និងមុខរបររបស់បងប្អូន កម្មករ ពលករ ចំណាកស្រុកបាភ្នំ បច្ចុប្បន្នមានចំនួនសរុប ប្រមាណជាង ២ម៉ឺននាក់ហើយដែល កំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស និង កន្លែងអាជីវកម្មនានា ក្នុងរាជធានីភ្នំពេញ និងទីកន្លែងដទៃទៀត រួចមកលោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានថ្លែងមតិកោតសរសើរ វាយតម្លៃខ្ពស់ និងអរគុណដោយស្មោះស្ម័គ្របំផុតចំពោះបងប្អូនកម្មករ ពលករចំណាកស្រុក ក្នុងឃុំទាំងអស់នៃស្រុកបាភ្នំ រួម ទាំង ស្រុកក្រុងទាំងអស់នៃខេត្តព្រៃវែងទាំងមូល ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា និងបានចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមក។
ទន្ទឹមនោះ លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់បងប្អូនកម្មករ ពលករចំណាកស្រុកទាំងអស់ ដែលក្នុងអំឡុងពេល២ឆ្នាំកន្លងទៅនៃការរាតត្បាត ជំងឺកូវីដ-១៩ បានប្រឹងប្រែងថែរក្សាសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងពុះពាររក្សាសន្តិសុខ ការងារ និងមុខរបររបស់ខ្លួន ដោយបានចូលរួមយ៉ាងសកម្មក្នុងចលនាប្រជាជនទូទាំងប្រទេស ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់សម្តេច អគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រយុទ្ធឈ្នះកូវីដ-១៩ ដែលបាននាំមកដល់ការបើកសេដ្ឋកិច្ច និងសកម្មភាពសង្គមជាតិលើគ្រប់វិស័យឱ្យបានដំណើរការជាប្រក្រតីឡើងវិញដូចសព្វថ្ងៃ។
ការរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងចលនាជាតិ ដើម្បីប្រយុទ្ធទប់ស្កាត់ និងគ្រប់គ្រង កូវីដ-១៩ និង ជ័យជម្នះដ៏ត្រចេះត្រចង់លើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ បានសបញ្ជាក់យ៉ាងប្រត្យក្សសាជាថ្មីម្តងទៀត ពីជំនឿជឿជាក់យ៉ាងមុតមាំឥតងាករេរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ចំពោះមគ្គុទ្ទេសក៍ ដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដើម្បីបន្តបេសកកម្មជាប្រវត្តិសាស្ត្រក្នុងបុព្វហេតុការពារថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ សម្រាប់អនាគតរុងរឿងរបស់កូនចៅគ្រប់ជំនាន់។
បន្តប្រឈមជាមួយផលប៉ះពាល់ នៃកូវីដ-១៩ ក៏ដូចជាឥទ្ធិពលអវិជ្ជមាននៃវិបត្តិជាសាកលបង្កដោយការប្រជែងភូមិសាស្រ្តនយោបាយ ការប្រែប្រួលអាកាសធាតុ និង សង្គ្រាមនៅអ៊ុយ ក្រែន។ល។ លោករដ្ឋមន្រ្តី ប្រធានក្រុម ការងារ ស្រុកបាភ្នំ បានអំពាវនាវបងប្អូនកម្មករ ពលករចំណាកស្រុក និងក្រុមញាតិគ្រួសារ ព្រមទាំងប្រជាពលរដ្ឋទូទាំងស្រុកបាភ្នំ ត្រូវរួមសាមគ្គីគ្នា រឹងមាំជុំវិញស្នូលនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជា ជំនះពុះពារដោះស្រាយរាល់ការ លំបាករក្សាជីវភាពតាមគន្លងប្រក្រតីភាពថ្មី ខិតខំរស់នៅដោយសន្សំសំចៃ និងជួយយកអាសា គ្នា សំដៅគាំពារសង្គម គាំទ្ររាល់សកម្មភាព សេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាល ដើម្បីរក្សា រឹងមាំស្ថិរភាពនយោបាយ សម្រាប់ពង្រឹងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព វិបុលភាព យូរអង្វែងរបស់សង្គមជាតិ ។
លោក រដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានជំរុញលើកទឹកចិត្តក្រុមការងារទាំងអស់ ត្រូវពង្រឹងទំនាក់ទំនងផ្សារភ្ជាប់សុខទុក្ខជិតស្និទ្ធជាប្រចាំជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក និងក្រុមញាតិគ្រួសារ គ្រប់ពេលវេលា គ្រប់ទីកន្លែង ដើម្បីពង្រឹងប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ឈានទៅដណ្តើមជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ៕