(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញ ចូលរួមពិធីពិសាអាហារស្រាយបួស ខែរ៉ាម៉ាឌននៃសាសនា ឥស្លាមកម្ពុជា ថ្នាក់ជាតិ លើកទី៣ នាល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។
ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ បានលើកឡើងថា សម្តេចនឹងនៅតែជាបេក្ខជននាយករដ្ឋមន្រ្តី របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៦ នៅឆ្នាំ២០១៨ និងឆ្នាំ២០២៣ខាងមុខនេះ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពិធីពិសាអាហារ ស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា នឹងធ្វើជារៀងរាល់ឆ្នាំជាបន្តបន្ទាប់ទៀត មិនបាត់បង់ឡើង ដរាបណាសម្តេចនៅតែជានាយករដ្ឋមន្រ្តីរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះខ្ញុំសង្ឃឹមថា មេដឹកនាំរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ថ្នាក់ខេត្ត នឹងអាចចូលរួមពិសាអាហារ ស្រាយបួសជាមួយបងប្អូនអ៊ីស្លាម នៅតាមវិហារអ៊ីស្លាមនានា ទៅតាមលទ្ធភាពដែលអាចធ្វើទៅបានដើម្បីបង្ហាញអំពីការសាមគ្គីគ្នា។
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំប្រើប្រាស់វិធីសាស្រ្តគ្រប់គ្រងរដ្ឋ ក្នុងនាមជានាយករដ្ឋមន្រ្តី រយៈពេលជាង៣០ឆ្នាំ ដោយយកតាមការ ទូន្មានរបស់សាសនាទាំងអស់។ បើមនុស្សទាំងអស់គោរពតាមការទន្មានរបស់សាសនា មនុស្សទាំងនោះក៏មានការគោរពដល់ច្បាប់របស់រដ្ឋផងដែរ ។ ពួកគេពិតជាកសាងបុណ្យកុសល មិនធ្វើអំពើបាបនោះទេ ។ ដូច្នេះការគ្រគ្រង់រដ្ឋ ធ្វើតាមមួយបែបរបស់សាសនា ដែលបានធ្វើឱ្យយើងមាន សន្តិសុខ សណ្ឋាប់ធ្នាប់សង្គម មានសិលធម៌ក្នុងការរស់នៅ។
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃនេះបើទោះបីអ្នកណាក៏ដោយ កាន់សាសនាអ្វីក៏ដោយ សូមទទួលពរជ័យនិងសេចក្តីសុខពីព្រះអាល់ឡោះទាំងអស់គ្នា !
សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ៦៖១០នាទី៕