(ភ្នំពេញ)៖ ចិន បានផ្តល់កម្ចីជាង ២០០លានដុល្លារបន្ថែមទៀត សម្រាប់សាងសង់ស្ពាន និងផ្លូវតភ្ជាប់នៅក្នុងខេត្តក្រចេះ និងគម្រោងពង្រីងផ្លូវជាតិលេខ៧ ជា ៤គន្លងពីស្គន់ ទៅទីរួមខេត្តកំពង់ចាម។

ការផ្តល់កម្ចីសម្រាប់គម្រោងទាំងពីរខាងលើនេះ ត្រូវបានចុះហត្ថលេខានៅល្ងាចថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន។ កិច្ចព្រមព្រៀងផ្តល់កម្ចីនេះ ត្រូវបានចុះហត្ថលេខារវាងលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​បានបញ្ជាក់ប្រាប់ Fresh News ថា ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់នៅខេត្តក្រចេះ មានប្រវែងសរុបជិត ២គីឡូម៉ែត្រ ដោយចំណាយថវិកាជាង ១០០លានដុល្លារ។

ដោយឡែកគម្រោងពង្រីកផ្លូវជាតិលេខ៧ ជា ៤គន្លងពីស្គន់ ទៅទីរួមខេត្តកំពង់ចាម មានប្រវែងជាង ៤០គីឡូម៉ែត្រ ចំណាយថវិកាជាង ១០០លានផងដែរ។

បើតាមលោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា គម្រោងទាំងពីរខាងលើនេះ បានសិក្សារួចរាល់អស់ហើយ ហើយពេលវេលានៃការបើកការដ្ឋានសាងសង់ គឺរង់ចាំពេលវេលារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ពេលវេលាបើកការដ្ឋានជាផ្លូវការនេះ អាចធ្វើនៅចុងឆ្នាំ២០២២នេះ ឬដើមឆ្នាំ២០២៣។

សូមបញ្ជាក់ថា ចិន ជាប្រទេសដែលបានផ្តល់ជំនួយ និងកម្ចីច្រើនបំផុតសម្រាប់សាងសង់ផ្លូវថ្នល់ និងស្ពាននៅកម្ពុជា។ របាយការណ៍បានបង្ហាញថា គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រើប្រាស់ហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងរបស់ចិន បានសាងសង់រួច មានចំនួន ២៩ខ្សែ មានប្រវែងសរុបជាង ៣ពាន់គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជិត ២ពាន់លានដុល្លារអាមេរិក។

គម្រោងកំពុងសាងសង់ផ្លូវថ្នល់មានចំនួន ០៣ខ្សែ មានប្រវែងប្រមាណ ៣៦៣.៩៦គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ៥២៩.៩៨លានដុល្លារអាមេរិក។ ស្ពានធំៗ ដែលបានសាងសង់រួចមានចំនួន ០៩ស្ពាន មានប្រវែងសរុប ៨,៥៦៥ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ២៩០.០៥លានដុល្លារអាមេរិក និងស្ពានកំពុងសាងសង់ ចំនួន ០១ មានប្រវែងសរុប ៩៩៦ម៉ែត្រ គឺ ស្ពានឆ្លងកាត់ទន្លេបាសាក់ សិត្បូនៃគម្រោងផ្លូវក្រវាត់ក្រុងទី៣ ប្រើប្រាស់ថវិកាប្រមាណ ៥៦.០៤លានដុល្លារអាមេរិក។

សរុបគម្រោងដែលប្រើប្រាស់ហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងរបស់មិត្តចិនដែលបានសាងសង់រួច និងកំពុងសាងសង់មានទឹកប្រាក់សរុបប្រមាណ ២,៨៧១.៣លានដុល្លារអាមេរិក៕