(ភ្នំពេញ)៖ លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយថ្នាក់ដឹកនាំ មន្ដ្រីរដ្ឋបាលព្រៃឈើ នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើសត្វព្រៃ ដែលមានទីតាំងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុន រាជធានីភ្នំពេញ។
ក្នុងពិធីនេះដែលក៏មានការចូលរួមពី លោក ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ លោកអនុប្រធានរដ្ឋបាលព្រៃឈើ លោកប្រធាន អនុប្រធាននាយកដ្ឋាន លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ និងលោកប្រធានការិយាល័យថ្នាក់កណ្តាលទាំងអស់ ផងដែរ។
បន្ថែមពីនេះ លោក ហាស់ សារ៉ាត ក៏បានធ្វើការបូកសរុបលទ្ធផលការងារនាពេលកន្លងមក និងបានធ្វើការណែនាំដល់មន្ដ្រីរដ្ឋបាលព្រៃឈើ ដូចជា ទី១បញ្ហាបង្រ្កាបបទល្មើសព្រៃឈើ ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ឱ្យបានល្អប្រសើរ ទី២ផ្ទៃដីដែលដកហូតពីសម្បទានសេដ្ឋកិច្ច ត្រូវចុះពិនិត្យ និងគ្រប់គ្រងឱ្យបានល្អ ទី៣មន្រ្តីនៅតាមមូលដ្ឋានត្រូវមានអារម្មណ៍ហ្នឹងហ្នរ ហើយត្រូវពង្រឹងសមត្ថភាពការងារឡើងវិញ ទី៤ត្រូវយកចិត្តទុកដាក់គ្រប់គ្រងសម្ភារនៅតំបន់ព្រៃការពារ ដែលមិនទាន់បានប្រគល់ជូនក្រសួងបរិស្ថាន ទី៥ត្រួវបង្កើនការងារដាំដុះឈើ និងពង្រឹងការងារគ្រប់គ្រងសហគមន៍ព្រៃឈើ និងជាពិសេសទី៦ត្រូវពង្រឹងអភិបាលកិច្ចល្អ សម្រាប់ការអនុវត្តការងារ៕