(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបដិសេធចំពោះការចែកចាយតគ្នាតាមបណ្តាញសង្គមថា កងសន្តិសុខអាមេរិកដែលមកការពារប្រធានាធិបតី ចូ បៃដិន នឹងដកកាំភ្លើងបាញ់លើជនណាដែលដកទូរស័ព្ទថតក្បួនគណៈប្រតិភូ។

ការចេញមុខបដិសេធលើព័ត៌មានក្លែងក្លាយនេះ បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គមមួយចំនួន បានចែកចាយតគ្នានូវសំឡេងជនអនាមិកតាមបណ្តាញសង្គមថា កងកម្លាំងសន្តិសុខអាមេរិក អាចនឹងធ្វើការបាញ់ទៅលើជនណាមួយ ដែលយកទូរស័ព្ទថតក្បួនរថយន្តរបស់ប្រតិភូអាមេរិក ដឹកនាំដោយ លោក ចូ បៃដិន មកចូលរួមកិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា នេះជាការបង្កើតព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យមានការភាន់ច្រឡំ។ លោកស្នើកុំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម បន្តចែកចាយដំណឹងក្លែងក្លាយនេះតទៅទៀត។

សូមបញ្ជាក់ថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នឹងដឹកនាំគណៈប្រតិភូ មកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ មេដឹកនាំប្រទេសអាស៊ាន និងដៃគូនានា ក៏បានមកកាន់កម្ពុជា ជាបន្តបន្ទាប់ផងដែរ៕