(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា បង្អែកវ៉ាក់សាំងបង្ការជំងឺកូវី១៩របស់រដ្ឋាភិបាលចិនដែលបានផ្ដល់ជំនួយមកដល់កម្ពុជា គឺជួយឱ្យកម្ពុជាឆ្លងផុតពីវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ រហូតឈានដល់ការបើកប្រទេស និងសេដ្ឋកិច្ចឡើងវិញ។

ការថ្លែងបែបនេះគឺនៅក្នុងឱកាសដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី ជួបពិភាក្សាជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន មុនពិធីចុះហត្ថលេខាលើឯកសារផ្តល់ជំនួយលើគម្រោង អភិវឌ្ឍន៍មួយចំនួននៅកម្ពុជា នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព។

បន្ទាប់បញ្ចប់ពិធីចុះហត្ថលេខាខាងលើ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណសាជាថ្មីចំពោះភាគីចិន ដែលកន្លងមកបានធ្វើជាបង្អែកផ្ដល់វ៉ាក់សាំងមកឱ្យកម្ពុជា ធ្វើឱ្យកម្ពុជាឆ្លងផុតពីវិបត្តិជំងឺកូវីដ១៩ ឈានដល់ការបើកប្រទេសនិងសេដ្ឋកិច្ចឡើងវិញ»។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះភាគីចិនដែលបានបន្តផ្ដល់ជំនួយបន្ថែម ដែលជំនួយទាំងនោះនឹងជួយអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

ចិន ក៏ជាប្រទេសដែលបានដាក់ទុនវិនិយោគលំដាប់កំពូលនៅកម្ពុជាផងដែរ។ របាយការណ៍បង្ហាញថា ឆ្នាំ២០២០ ទុនវិនិយោគចិន នៅកម្ពុជាមានជាង ១.៦ពាន់លានដុល្លារ, ឆ្នាំ២០២១ មានជាង ២.៤ពាន់លានដុល្លារ ហើយ៩ខែ ឆ្នាំ២០២២ មានជាង ១.៥ពាន់លានដុល្លារ។

ចិន ក៏ជាប្រទេសដែលបានរួមចំណែកជួយកសាងធនធានមនុស្សនៅកម្ពុជាផងដែរ។ គិតពីឆ្នាំសិក្សា ២០១៨-២០១៩ ដល់ឆ្នាំសិក្សា ២០២២-២០២៣ ចិនផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសរុប ៧៧៨នាក់។ ចិន ក៏បានប្រកាសបង្កើនចំនួនអារូបករណ៍ ដោយផ្តល់ប្រមាណ ៥០០នាក់ក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់២០២៧។

ចិន ក៏បានរួមចំណែកផ្តល់ជំនួយ និងកម្ចីគ្មានការប្រាក់ជាច្រើនសម្រាប់ជួយអភិវឌ្ឍន៍នៅកម្ពុជា។ របាយការណ៍ បានបញ្ជាក់ថា គិតពីឆ្នាំ២០០១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ចិន ផ្តល់កម្ចីគ្មានការប្រាក់ និងជំនួយជាង ២ពាន់លានដុល្លារដល់កម្ពុជា។

ឆ្នាំ២០០១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ចិន បានផ្តល់កម្ចីជាង ៥ពាន់លានដុល្លារ។

ចិន ក៏ជាប្រទេស ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ ចិន បានក្លាយទៅជាបង្អែកដ៏ចាំបាច់សម្រាប់ការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា។ ក្នុងនោះវ៉ាក់សាំងសរុបជិត ៤២លានដូស ដែលកម្ពុជាទទួលបានពីប្រទេសចិន។

ក្នុងនោះចំនួន ១៣.៣លានដូសជាជំនួយរបស់ចិន ហើយចំនួន ២៨.៥លានដូស កម្ពុជា បានទិញពីប្រទេសចិន៕