(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងដល់មន្ត្រីរាជការ និងសាធារណជន អំពីការផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅវៀតណាម។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាទ្វេភាគីរវាង រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម បានផ្តល់អាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ កម្មវិធីសិក្សាអន្តរជាតិជាភាសាអង់គ្លេស សិក្សាលើជំនាញសន្តិសុខសាយប័រ ចំនួន៣កន្លែង និងជំនាញបច្ចេកវិទ្យាឌីជីថល ចំនួន៣កន្លែង នៅវិទ្យាស្ថានបច្ចេកវិទ្យាប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាវិទ្យាស្ថានដ៏ល្បីមួយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
១៖ លក្ខខណ្ឌក្នុងការជ្រើសរើស
*ជាមន្ត្រីរាជការ ឬសាធារណជនទូទៅដែលមានគុណវុឌ្ឍក្នុងការសិក្សា
* មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជំនាញពាក់ព័ន្ធនឹងសន្តិសុខសាយប័រ និងបច្ចេកវិទ្យាឌីជីថល
* មានសញ្ជាតិខ្មែរ
* មានសុខភាពល្អបរិបូរណ៍ទាំងកាយសម្បទា និងសតិបញ្ញា
* មានអាយុមិនលើសពី៤៥ឆ្នាំ គិតត្រឹមថ្ងៃឈប់ទទួលពាក្យ
* មានបទពិសោធការងារយ៉ាងតិច ២ឆ្នាំ
* មានចំណេះដឹងភាសាអង់គ្លេសល្អគ្រប់គ្រាន់
* ត្រូវបំពេញលក្ខខណ្ឌចុះឈ្មោះចូលរៀន របស់វិទ្យាស្ថានបច្ចេកវិទ្យាប្រៃសណីយ៍និងទូរគមនាគមន៍។
២៖ អត្ថប្រយោជន៍នៃអាហារូបករណ៍ ទទួលបានការរ៉ាប់រងបង់ថ្លៃសិក្សា ១០០% នៃថ្លៃសិក្សាសរុបរហូតចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ព្រមទាំងប្រាក់ឧបត្ថម្ភថ្លៃហូបចុក ស្នាក់នៅ និងសំបុត្រយន្តហោះទៅ-មក។ ដូចនេះ មន្ត្រីរាជការ និងសាធារណជនទាំងអស់ ដែលមានចំណាប់អារម្មណ៍អាចបំពេញបែបបទដាក់ពាក្យស្នើសុំអាហារូបករណ៍តាមរយៈ QR Code ក្នុងសេចក្តីជូនដំណឹង រួចផ្ញើមកនាយកដ្ឋានបុគ្គលិក និងបណ្តុះបណ្តាលនៃអគ្គនាយកដ្ឋានរដ្ឋបាល ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមន្រ្តីទទួលបន្ទុកតាមរយៈទូរសព្ទលេខ ០៨១ ៨១៨ ៧៨២ / ០១២ ៧៣១ ៦៩០ ឬអ៊ីម៉ែល [email protected]៕