(ភ្នំពេញ)៖ លោក លី ខឺជាង នាយករដ្ឋមន្ត្រីចិន បានប្រកាសផ្តល់ជំនួយបន្ថែមចំនួន២០០លានយ័នថែមទៀត ដល់កម្ពុជា សម្រាប់ជួយកែលម្អជីវភាពប្រជាពលរដ្ឋ និងអះអាងថា ចិននៅតែប្តេជ្ញាបន្តជួយស្តារវិស័យសំខាន់ៗជាច្រើនទៀត។
ការបញ្ជាក់អំពីការផ្តល់ជំនួយរបស់ចិន បានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺជាង នាយករដ្ឋមន្ត្រីចិន នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងជំនួយបនេះ លោក លី ខឺជាង បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងចិន ជាទំនាក់ទំនងស៊ីជម្រៅលើគ្រប់វិស័យ។ លោកមានសេចក្តីរីករាយចំពោះទំនាក់ទំនងនេះ ហើយសម្តែងនូវការរីករាយជាខ្លាំងដែលឃើញកម្ពុជា មានអភិវឌ្ឍយ៉ាងឆាប់រហ័ស។
លោកនាយករដ្ឋមន្ត្រី បានអះអាងថា ទោះបីជាយ៉ាងណាក៏ដោយ ចិននឹងបន្តជួយកម្ពុជា ឱ្យមានវឌ្ឍនភាពបន្ថែមទៀត ក្នុងនោះចិននឹងផ្តល់ជំនួយបន្ថែមដល់កម្ពុជា ទៅលើវិស័យជារួមមាន ទី១៖ ទឹកប្រាក់ចំនួន ២០០លានយ័នសម្រាប់ជួយកែលម្អជីវភាពប្រជាពលរដ្ឋកម្ពុជា។ ចិននឹងបន្តជួយដល់ការស្តារឡើងវិញនូវបេតិកភណ្ឌកម្ពុជា បង្កើនចំនួនិស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន ជួយដល់សកម្មភាពដោះមីន ជួយដល់វិស័យ ជួយដល់ការរៀបចំការប្រកួតស៊ីហ្គេមនៅឆ្នាំខាងមុខ ក៏ដូចជាជួយដល់កីឡាករកីឡាការិនីកម្ពុជា ជួយការស្ថាបនាស្ពានឆ្លងទន្លេមេគង្គ ជួយដល់ការស្ថាបនាផ្លូវដែកតភ្ជាប់កម្ពុជា-ថៃ-ឡាវ និងប្រទេសចិន និងជាពិសេសជួយកម្ពុជាក្នុងវិស័យកសិកម្ម ធ្វើយ៉ាងណាឱ្យផលិតផលកសិផលរបស់កម្ពុជាមានគុណភាពអាចនាំចេញទៅប្រទេសចិនស្របតាមកូតាដែលប្រគល់ជូន ក៏ដូចជាមានគុណភាពសម្រាប់នាំចេញទៅប្រទេសក្រៅផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍ និងសម្តែងនូវអំណរគុណចំពោះ លោក លី ខឺជាង និងប្រតិភូចិន ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។ សម្តេចបានថ្លែងអំណរគុណចំពោះជំនួយបន្ថែម និងបញ្ជាក់អំពីការផ្តល់ជំនួយដល់កម្ពុជា ជួយកម្ពុជាឱ្យមានវឌ្ឍនភាពកាន់តែខ្លាំងឡើងថែមទៀត។
សម្តេចតេជោ ថ្លែងអំណរគុណដល់ភាគីចិន ដែលកន្លងមកធ្វើជាបង្អែកផ្តល់វ៉ាក់សាំង ធ្វើឱ្យកម្ពុជាបានឆ្លងផុតអំពីការរីករាលដាលជំងឺកូវីដ១៩ និងបើកប្រទេសឡើងវិញ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះសមិទ្ធផលអភិវឌ្ឍដ៏ធំធេងរបស់បក្សកុម្មុយនីស្តចិន និងជូនពរមិត្តចិនឱ្យសម្រេចបានការកសាង និងអភិវឌ្ឍជាច្រើនថែមទៀត ជាពិសេសឈានទៅសម្រេចគោលដៅ១០០ឆ្នាំ លើកទី២ ក្នុងការកសាងប្រទេសសង្គមនិយមបែបទំនើប។
សម្តេចក៏បានសម្តែងការអបអរសាទរផងដែរ នូវការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងភាពជោគជ័យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០។ សម្តេចបានជូនពរឱ្យប្រតិភូចិន ជាពិសេស លោក លី ខឺជាង ទទួលបានជោគជ័យ ក្នុងការធ្វើទស្សនកិច្ចនៅកម្ពុជាផងដែរ៕