(ភ្នំពេញ)៖ ភស្តុតាំងដែលបញ្ជាក់អំពីប្រវត្តិប្រទេសកម្ពុជាមានអាយុកាលជាង២០០០ឆ្នាំ រួមជាមួយវត្ថុសិល្បៈនិងផលិតផលខ្មែរដទៃទៀត នឹងត្រូវដាក់តាំងពិព័រណ៍បង្ហាញជូនដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល គណៈប្រតិភូជាតិនិងអន្តរជាតិដែលនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយពីវប្បធម៌ដ៏ល្អផូរផង់ និងផលិតផលសក្តានុពលរបស់កម្ពុជា។

ពិព័រណ៍សិល្បៈនិងផលិតផលខ្មែរនេះរៀបចំដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមការងារការទូតសេដ្ឋកិច្ច។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។

កម្មវិធីពិព័រណ៍នេះនឹងមានការដាក់តាំងបង្ហាញនូវផលិតផលខ្មែរដ៏សម្បូរបែប និងប្រកបដោយការច្នៃប្រឌិតខ្ពស់ជាច្រើនប្រភេទ ដូចជា រូបចម្លាក់ដែលធ្វើពីកម្ទេចឈើ ខ្មុកល្ខោនខោល គ្រឿងចម្លាក់ដែលធ្វើពីប្រាក់ និងស្ពាន់ គ្រឿងអលង្ការ សម្លៀកបំពាក់ កាបូប ហូល ក្រមា ដែលធ្វើពីអំបោះសូត្រ កប្បាស និងកំប្លោក ជាកេរដំណែលបន្សល់ទុកពីដូនតាខ្មែរ និងផលិតឡើងដោយដៃពីសំណាក់ប្រជាជននៅតាមសហគមន៍។

រីឯផលិតផលក្នុងវិស័យកសិកម្ម មានដូចជា អង្ករ គ្រាប់ស្វាយចន្ទី កាហ្វេ ដំណាប់ស្វាយ ម្រេច អំបិល ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំ មី ផលិតផលថែរក្សាសម្រស់ និងគ្រឿងតុបតែង ត្រូវបានផលិតនិងបង្កើតឡើងដោយផលិតករ និងសិប្បករក្នុងស្រុក ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីបណ្តាប្រទេសនានាទាំងក្នុងតំបន់ និងអន្តរជាតិ។

សេចក្ដីប្រកាសរបស់ក្រសួងការបរទេសបានបញ្ជាក់ថា «ទន្ទឹមនេះក៏មានការដាក់តាំងបង្ហាញអំពីប្រវត្តិរូបិយវត្ថុរបស់ប្រទេសកម្ពុជាមានអាយុកាលជាង២០០០ឆ្នាំ និងតែមប្រិ៍ជាច្រើនប្រភេទ ដែលសុទ្ធតែបង្ហាញពីរចនាបទខ្មែរផងដែរ»

អ្វីដែលកាន់តែពិសេស តុពិព័រណ៍នីមួយៗត្រូវបានរៀបចំតុបតែង និងរចនាឡើងយ៉ាងស្រស់ស្អាតគួរឱ្យទាក់ភ្នែក អមដោយស្លាកសញ្ញាដែលតំណាងឱ្យកម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន ព្រមជាមួយនឹងផ្ការំដួលដែលជាផ្កាតំណាងឱ្យអត្តសញ្ញាណជាតិរបស់កម្ពុជា ដែលនឹងធ្វើឱ្យពិភពលោកបានឃើញកាន់តែច្បាស់ពីការលេចត្រដែត និងភាពសម្បូរបែបរបស់កម្ពុជា៕