(កំពង់ចាម)៖ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកំពង់ចាមបានប្រារព្ធពិធី សម្ពោធវិមានឯករាជ្យ ខេត្តកំពង់ចាម និងប្រារព្ធពិធី ខួបអនុស្សាវរីយ៍លើកទី ៦៩ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ព្រមជាមួយប្រតិភូ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្ត ជាច្រើនរូបទៀត ស្ថិតនៅភូមិទី ៦ សង្កាត់វិលវង់ ក្រុងកំពង់ចាម។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថា ស្របពេលនៃការប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ៩-វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ហើយយើងក៏បានប្រារព្ធ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសំណង់ជាប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងខេត្តកំពង់ចាម គឺវិមានឯករាជ្យដ៏ស្រស់ប្រណិត ជាស្នាដៃរបស់ថ្នាក់ដឹកនាំ មន្ទីរជំនាញ និងមន្ត្រីរាជការនៅក្នុងខេត្តកំពង់ចាម ដែលបានបង្ហាញខ្លួនដ៏ខ្ទឹមស្ពៃ នៅចំពីមុខយើងទាំងអស់គ្នា នាលពេលនេះផងដែរ។

លោកអភិបាលខេត្តបានបន្តថា ដោយមានការដឹកនាំចង្អុលបង្ហាញពីលោក យឹម ឆៃលីឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម និងសម្ដេចឧត្តមទពញាណ ហ៊ុន ណេង រដ្ឋបាលខេត្តកំពង់ចាម បានសាងសង់វិមានឯករាជ្យខេត្តកំពង់ចាម មានកំពស់ ២៩,៩១ម៉ែត្រ ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបានបដិសន្ធិលើកទឹកដីខេត្តកំពង់ចាម។ សំណង់ជាប្រវត្តិសាស្ត្រនេះ បានចាប់ផ្ដើមបើកការរដ្ឋានកសាងឡើងកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ មានរយៈពេល ១១ខែ ក្នុងការសាងសង់។

វិមានឯករាជ្យខេត្តកំពង់ចាម មានខឿនតួរប្រាង្គ ចំនួន ៣ជាន់ និងដំបូលឋានមានចំនួន ៥ថ្នាក់ រួមទាំងកំពូលវិមានឯករាជ្យរំលេចដោយ ក្បាច់រចនាលំអរមាន ចំនួន ៤ក្បាច់ រួមបញ្ចូលគ្នា៖ ក្បាច់សន្លឹកអង្គរ ក្បាច់ដកចាន់ក្បាច់ត្របកឈូកបំបែក និងក្បាច់ពងត្រី រួមនឹងក្បាលនាគចំនួន ១០០ ចំនែកខឿនខាងបាតក្រោម មានអង្កត់ផ្ចិត ៣៩,៣ម៉ែត្រ ដែលរំលេចផ្នូរអតីតយុទ្ធជនជុំវិញ និងចាក់បេតុងផ្លូវជុំវិញវិមានឯករាជ្យទទឹង១០ម៉ែត្រ រួមនឹងហេដ្ឋារចនសម្ព័ន្ធនៅជុំវិញបរិវេណ ដែលលំអភ្លើងចំរុះពណ៌ក្នុងពេលរាត្រី អមដោយទឹកផុសចេញពីថែវជុំវិញតួប្រាសាទ រួមមួយទេសភាពសួនផ្កាស្របតាមដងផ្លូវ និងប្រាសាទដែលមានដើមរំដួល ចំនួន ១០០ដើម ដែលជាផ្កាតំណាងអត្តសញ្ញាណជាតិ។វិមានឯករាជ្យនេះ ពិតជាមានអត្ថន័យជាប្រវត្តិសាស្ត្រសម្រាប់យើងទាំងអស់គ្នា ហើយក៏បាននាំមកនូវសោភ័ណ្ឌភាពស្រស់ស្អាតថែមទៀត ក្នុងក្រុងកំពង់ចាម ។

លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងផងដែរថា ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម ខ្ញុំពិតជាមានមោទនភាព និងសម្ដែងនូវការកោតសរសើរស្ញប់ស្ញែងដ៍ស្មោះអស់ពីចិត្ត ចំពោះការដឹកនាំកិច្ចអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត ពីសំណាក់គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការទាំងអស់ និងការចូលរួមគាំទ្រយ៉ាងសកម្មពីបងប្អូន ប្រជាពលរដ្ឋក្នុងខេត្ត បានរួមគ្នាកសាងនូវសមិទ្ធផលថ្មីមួយនេះ ហើយប្រារព្ធពិធីសម្ពោធជាផ្លូវការ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា កំពុងរីករាយអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទុ(៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២២) ។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា បុណ្យឯករាជ្យជាតិ គឺជាវិធីបុណ្យជាតិមួយដ៏អធិកអធម ឧត្តុង្គឧត្តម ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេស នាថ្ងៃទី ៩ វិច្ឆិកា ។ ពិធីបុណ្យនេះបានចាប់ផ្តើមប្រារព្ធធ្វើឡើង បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យពេញលេញពីអាណានិគមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូនីយកិច្ច របស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងឱកាសដ៏វិសេសវិសាលនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្តី បានថ្លែងថា «ប្រជាពលរដ្ឋកម្ពុជានៅថ្ងៃនេះ មានតែអំណរសាទរ និងក្តីសប្បាយរីករាយចំពោះមោទនភាពជាតិ ដែលមិនត្រូវឱ្យមានអ្វីមកបំផ្លាញដល់សេចក្តីសុខ និងសន្តិភាពរបស់កម្ពុជាជាដាច់ខាត»៕