(ភ្នំពេញ)៖ ប្រមុខការទូតអ៊ុយក្រែន បានបង្ហាញចេតនាចង់តែងតាំងឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាក្នុងពេលឆាប់ៗនេះ ខណៈភាគីទាំងពីរមានជំនឿមុតមាំក្នុងការរឹតចំណងមិត្តភាពនឹងគ្នាឱ្យកាន់តែរីកចម្រើនថែមទៀត។ នេះបើតាមខ្លឹមសារក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោក ឌីមីត្រូ គូលេបា មន្ត្រីការបរទេសអ៊ុយក្រែនបានបញ្ជាក់សាជាថ្មីអំពីចេតនារបស់អ៊ុយក្រែន ក្នុងការតែងតាំងឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាក្នុងពេលឆាប់ៗនេះ ហើយមានជំនឿយ៉ាងមុតមាំថាទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើន។
លោក ឌីមី គូលេបា បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះជំហរដ៏រឹងមាំ និងគោលការណ៍របស់កម្ពុជាស្តីពីសង្គ្រាមនៅអ៊ុយក្រែន និងដើម្បីអនុញ្ញាតឱ្យប្រទេសរបស់របស់លោកចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេហ៍ (TAC)។
លោករដ្ឋមន្ត្រី ឌីមីតូ គូលេបា បានបញ្ជាក់ថា លោក VolodymyrZelensky អាចនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលអនាគត។ លោក ឌីមីតូ គូលេបា ក៏បានបញ្ជាក់សាជាថ្មីអំពីការអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែនផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញអំពីការសន្ទនាតាមទូរស័ព្ទជាមួយលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ និងបានអះអាងសាជាថ្មីអំពីជំហរជាគោលការណ៍របស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែន៕
</p