(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធនឹងអាចរកដំណោះស្រាយដោយសន្តិវិធីចំពោះសង្គ្រាមនៅអ៊ុយក្រែន ដើម្បីឱ្យប្រទេសនេះទទួលបានមកវិញនូវសន្តិភាព ស្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីលទ្ធផលជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា បានឱ្យដឹងថា «សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្តែងនូវក្តីសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធនឹងអាចស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះសង្គ្រាម ដើម្បីឱ្យអ៊ុយក្រែនទទួលបានត្រលប់មកវិញនូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ»។
លោក ឌីមី គូលេបា បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះជំហរដ៏រឹងមាំ និងគោលការណ៍របស់កម្ពុជាស្តីពីសង្គ្រាមនៅអ៊ុយក្រែន និងដើម្បីអនុញ្ញាតឱ្យប្រទេសរបស់របស់លោកចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេហ៍ (TAC)។
លោករដ្ឋមន្ត្រី ឌីមីតូ គូលេបា បានបញ្ជាក់ថា លោក VolodymyrZelensky អាចនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលអនាគត។ លោក ឌីមីតូ គូលេបា ក៏បានបញ្ជាក់សាជាថ្មីអំពីការអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែនផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញអំពីការសន្ទនាតាមទូរស័ព្ទជាមួយលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ និងបានអះអាងសាជាថ្មីអំពីជំហរជាគោលការណ៍របស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែន៕
</p