(បន្ទាយមានជ័យ)៖ សាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំដោះស្រាយផលប៉ះពាក់ នៃផ្លូវដែកក្នុងខេត្ត ដែលមានប្រវែង៦,៥គីឡូម៉ែត្រ ក្នុងនោះបានប៉ះពាល់ពី៦៤០កន្លែង ដល់៩០០កន្លែង និង៧គ្រួសារមានការប៉ះពាល់ធ្ងន់ធ្ងរ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងថា គម្រោងផ្លូវដែកក្នុង ខេត្តបន្ទាយមានជ័យ ចាស់មានប្រវែង៥៧គីឡូម៉ែត្រ ប៉ះពាល់ពលរដ្ឋ៤ស្រុក-ក្រុង គឺក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី និងស្រុកអូរជ្រៅ កាលពីមុន ប៉ះពាល់៦៤០កន្លែង រហូតពេលនេះឡើងដល់៩០០កន្លែង និងប៉ះពាល់ធ្ងន់ធ្ងរ៧គ្រួសារទៀត។
លោក លី បូរិន អនុរដ្ខលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានលើកឡើងថា ផ្លូវដែកដែលត្រូវកសាងថ្មី ស្របតាមផ្លូវចាស់ដែលមានប្រវែង ៥៧គីឡូម៉ែត្រ កំណត់សងខាងផ្លូវប្រវែង៧ម៉ែត្រ ក្រុងប៉ោយប៉ែត ដល់ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដល់ព្រំប្រទល់ ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោកបានបញ្ជាក់ថា ផ្លូវដែកដែលត្រូវកសាង គឺផលប៉ះពាល់ធ្ងន់ធ្ងរ៧គ្រួរសារ ក្រុងប៉ោយប៉ែត និងត្រូវដោះស្រាយតាមអត្រាសំណងរបស់ ADB និង៩០០កន្លែង មានសំយ៉ាបផ្ទះតូប និងបង្គោលភ្លើងដែលត្រូវបានសិក្សាបន្តទៀត។
លោក តូច ចាន់កុសល់ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបន្ថែមថា ផ្លូវដែកដែលបានកសាងហើយ ពីក្រុងសិរីសោភ័ណ ដល់ក្រុងប៉ោយប៉ែត ដែលមានប្រវែង៤០គីឡូម៉ែត្រ និងនៅបន្តកសាងប្រវែង៦គីឡូម៉ែត្រកន្លះ ដល់ព្រំដែនកម្ពុជា-ថៃ។
លោកបានបន្តថា ដោយឡែកប្រវែង៦គីឡូម៉ែត្រ ពីក្រុងប៉ោយប៉ែតដល់ព្រំដែនកម្ពុជា-ថៃ ដែលក្នុងនោះ ស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានរុះរើជាបណ្តើរៗ ចំណែកក្រុមហ៊ុនកាស៊ីណូដែលមិនទាន់រុះរើចេញ ខាងមន្ទីសាធារណៈការ បានចេញបញ្ជាឱ្យរុះរើ តែប្រសិនបើមិនរុះរើ និងចាត់ការតាមច្បាប់៕