(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបង្ក្រាបក្រុមចោរចំនួន៦នាក់ ដែលពួកគេបានរៀបចំផែនការរួចហើយ ដើម្បីចេញលួច និងប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។ ការបំបែក និងបំផ្លាញផែនការរបស់ក្រុមចោរប្លន់ទាំងនេះ បានធ្វើឡើងក្រោយពេលដែលកម្លាំងនគរបាល ចាប់ជនសង្ស័យម្នាក់ជាមេក្លោង កាលពីយប់រំលងអាធ្រាត្រថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា កម្លាំងជំនាញបានស្រាវជ្រាវស៊ើបអង្គេត មុខសញ្ញាទើបចេញពីពន្ធធានាគារម្នាក់ ដែលមានប្រើប្រាស់អាវុធខ្លី១ដើម (អាវុធច្នៃ)។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា ការិយាល័យផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅដល់ផ្ទះជនសង្ស័យដែលមានឈ្មោះ នូ លីដា ហៅប្រុស រកឃើញអាវុធខ្លី កែច្នៃ០១ដើម និងម៉ូតូធំ១គ្រឿង។
បើតាមលោកស្នងការ ពេលសមត្ថកិច្ចសួរនាំ ជនសង្ស័យបានសារភាពថា ខ្លួនធ្លាប់បានធ្វើសកម្មភាពលួចកាច់កម៉ូតូកន្លងមក និងថ្មីៗនេះបានរៀបចំគំរោងធ្វើសកម្មភាពចេញលួច និងប្លន់ជាមួយបក្ខពួកផ្សេងទៀត តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។
ក្រោយមកឈានទៅដល់ការឃាត់បក្ខពួកចំនួន៥នាក់បន្ថែមទៀត យកមកសាកសួរ និងបន្តនីតិវិធី។ បច្ចុប្បន្នមុខសញ្ញា និងវត្ថុតាង កម្លាំងនគរបាលជំនាញ កំពុងសាកសួរកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕