(ភ្នំពេញ)៖ ដើម្បីបង្កើនភាពទាក់ទាញនាឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំតុបតែងលម្អតាមផ្លូវធំៗ ស្ពានឆ្លងទន្លេ និងតាមទីសាធារណៈផ្សេងទៀត ដើម្បីបង្កើនសោភ័ណភាពរាជធានីភ្នំពេញឱ្យស័ក្តិសមជាស្រុកមានសន្តិភាព ស្ថិរភាព និងមានសុខសុវត្ថិភាពល្អ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា សាលារាជធានីភ្នំពេញ បានតុបតែងលម្អភ្លើងបំភ្លឺ ភ្លើងពណ៌រាត្រី ផ្កាភ្ញី សម្អាតបរិស្ថាននៅតាមដងវិថីធំៗ ស្ពានជ្រោយចង្វា រង្វង់មូល តាមមាត់ទន្លេ ក៏ដូចជាទីសាធារណៈផ្សេងទៀតដែរ។
លោកបានបន្តថា ការតុបតែងនេះគឺពិតជាមានសោភ័ណភាពទាក់ទាញ ដើម្បីបង្ហាញជូនប្រតិភូអន្តរជាតិនានាឱ្យបានឃើញពីមុខមាត់ដ៏ស្រស់ស្អាតនៃរាជធានីភ្នំពេញ ស័ក្តិសមជាទីក្រុងអភិវឌ្ឍ ជាបេះដូងនៃប្រទេសកម្ពុជា ដែលពោរពេញទៅដោយសន្តិភាព ស្ថិរភាព និងមានសុខសុវត្ថិភាពល្អ៕