(កំពង់ធំ)៖ ពិធីបុណ្យសំពះព្រះខែ និងអកអំបុក ត្រូវបានប្រជាពលរដ្ឋខ្មែរប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនដែលខកខាន ឡើយលើកលែងតែនៅក្នុងរបបខ្មែរក្រហម។
ពិធីនេះ ភាគច្រើនគេប្រារព្ធធ្វើឡើង នៅចំពេលរដូវទឹកសម្រក ក្នុងខែកត្តិកឬខែវិច្ឆិកា ដែលជាថ្ងៃព្រះចន្ទរះពេញ រង្វង់មូលត្រូវនឹងថ្ងៃ១៥ កើត ខែកត្តិក ដោយបានផ្សារភ្ជាប់ ជាមួយព្រះរាជពិធី បុណ្យអុំទូក បណ្ដែត ប្រទីប។ ពិធីបុណ្យ សំពះ ព្រះ ខែ និងអកអំបុកជាប្រពៃណីទំនៀមទម្លាប់ខ្មែរដែលជា មរតកវប្បធម៌ដូនតាបានបន្សល់ទុកតាំងពីសម័យ បុរាណយូរលង់ណាស់មកហើយ។
ជាក់ស្តែងកាលពីយប់ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នៅស្រុកតាំងគោក ក៏ប្រារព្ធពិធីដាល់អំបុក អកអំបុក សំពះព្រះខែ ដោយមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើន ក្នុងនោះផងដែររដ្ឋបាលស្រុកតាំងគោក ដែលដឹកនាំដោយលោក ហាក់ ម៉ុងហួត អភិបាលស្រុក ក៏បានដឹកនាំកងកម្លាំងទាំងបី មន្រ្តីរាជការចំណុះរដ្ឋបាលស្រុក ចូលរួមក្នុងពិធីនៅវត្តគុហនគរ ដែលស្ថិតនៅឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។
នៅក្នុងពិធីនោះក៏មានការ បោកបែនស្រូវ ដាល់អំបុក អកអំបុក ដែលបង្ហាញពីវប្បធម៍និងសកម្មភាពប្រជាកសិករដែលគាត់បានធ្វើកន្លងមក។
ថ្លែងនៅក្នុងកម្មវិធីលោក ហាក់ ម៉ុងហួត អភិបាលស្រុក ក៏បានថ្លែងអំណរគុណដល់ព្រះចៅអធិការវត្ត ដែលព្រះអង្គតែងតែផ្តើមធ្វើនូវពិធីបុណ្យនេះ ជារៀងរាល់ឆ្នាំដើម្បីបង្កបរិយាកាសឲ្យក្មេងៗ ជំនាន់ក្រោយបានយល់ដឹង ព្រមទាំងពុទ្ធបរិស័ទកម្សាន្តសប្បាយ។
លោកក៏បានបន្តទៀតថា ដោយសារប្រទេសយើងមានសុខសន្តិភាព យើងទប់ស្កាត់ការឆ្លងរាលដាល់ជំងឺកូវីដទើបគ្រប់វត្តអារាមអាចធ្វើពិធីនេះបាន។
សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីតាមវត្តនីមួយៗ ទូទាំងស្រុកតាំងគោកប្រម៉ាណជាង៣ម៉ឺននាក់៕