(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងលោក សុខ លូ អភិបាលខេត្ត បានអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២២។
ពិធីនេះបានប្រារព្ធធ្វើឡើងនៅមុខអគារសាលាខេត្តចាស់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត ក្នុងខេត្តបាត់ដំបង កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងក្រុមយុវជនមកពីវិទ្យាល័យ សាកលវិទ្យាល័យនានាក្នុងខេត្តបាត់ដំបង។
លោក សុខ លូ បានបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិនិងទិវាកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ត្រូវបានរដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធធ្វើឡើង ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធអតីតយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ពិសេសរំលឹកដល់ស្នាព្រះហស្ថរបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដីនិងឯករាជ្យជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានដឹកនាំព្រះរាជបូជនីយកិច្ចទាមទាឯករាជ្យភាពពេញលេញពីប្រទេសបារាំង ឆ្នាំ១៩៥៣ នូវឯករាជ្យពិតប្រាកដ។
លោកបានបន្តថា «ការរម្លឹកខួបអនុស្សាវរីយ៍ ដែលជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿង បានប្រព្រឹត្តទៅទន្ទឹមពេលជាមួយគ្នានឹងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្នុងស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ថ្លៃថ្លារបស់គំរូវីរភាពយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ទិសទី ដែលបានពុះពារប្រយុទ្ធតស៊ូក្នុងការធ្វើមហាពលិកម្ម អាយុជីវិតយ៉ាងអង់អាចក្លាហានបំផុត ក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជា ដើម្បីការថែរក្សា សន្តិភាពបូរណភាព ទឹកដី ឯកភាពជាតិ អធិបតេយ្យ សេរីភាព និងវិបុលភាពជាតិនៃព្រះរាជាណាចក្រកម្ពុជា»។
លោកបានបញ្ជាក់ថា ដោយអនុវត្តតាមស្មារតីបង្រួបបង្រួមជាតិ និងបុព្វហេតុដ៏ឧត្តុង្គឧត្តម ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ប្រកបដោយចីរភាពនោះ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់បំផុតការពារជានិច្ចនូវស្នាព្រះហស្ថ ដែលអតីតព្រះមហាវីរៈក្សត្របានន្សល់ទុកមក និងបន្តការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានភាព រីកចម្រើនរុងរឿង បន្ថែមទៀត ដើម្បីបង្កឲ្យមានបរិយាកាសសប្បាយ រីករាយក្នុងសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម បានស្ថិតស្ថេរគង់វង្ស ជានិរន្តន៍តរៀងទៅ៕