(ស្ទឹងត្រែង)៖ ប្រជាពលរដ្ឋរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ចំនួន២០៥៨ គ្រួសារ នៅខេត្តស្ទឹងត្រែង ទទួលអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរខេត្តដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ និងបានជាកម្លាំងបន្ថែមទៅលើកការខិតខំធ្វើការងារបង្កបង្កើនផល។

ក្នុងពិធីផ្តល់អំណោយជូនប្រជាពលរដ្ឋរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង នៅខេត្តស្ទឹងត្រែង នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ថា នៅខេត្តស្ទឹងត្រែងជំនន់ទឹកភ្លៀង កន្លងមកបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ចំនួន២៤៥១ គ្រួសារ ហើយរាជរដ្ឋាភិបាលបានផ្តល់ជាស្បៀងជូនបងប្អូនយើងបានគ្រប់ៗក្រុមគ្រួសារផងដែរ។

លោកប្រធានមន្ទីរបន្តថា ក្រៅពីនោះក៏មានប្រជាពលរដ្ឋចំនួន៣៩៣គ្រួសារទៀត ទទួលបានពូជស្រូវ និងបន្លែព្រោះផ្ទៃដីរបស់ពួកគាត់មានប្រភពទឹក និងមានលទ្ធភាពស្តារឡើងវិញបាន។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា ដំណោះស្រាយនេះ សម្តេចប្រមុខរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជានិច្ច និងគិតពីសុខទុក្ខរបស់បងប្អូនប្រជាប្រជាជនយើង នៅគ្រប់មូលដ្ឋាន ជាពិសេសបងប្អូនដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ក្នុងរដូវមានទឹកជំនន់កន្លងមកនេះ។

លោកបានថ្លែងពាំនាំនូវការសួសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ និងបានផ្ដាំផ្ញើមកសួរសុខទុក្ខ និងមានក្តីនឹករលឹកស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត មកដល់ប្រជាជនយើង។

លោក អេង ជាសាន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបន្តការងារដាំដុះដំណាំរួមផ្សំ -ចិញ្ចឹមសត្វ -ដាំបន្លែបង្ការ -ដើម្បីធ្វើឱ្យការរស់នៅមានជីវភាពធូរធារ និងថែរក្សាសុខភាពឲ្យបានល្អប្រសើរតាមក្រសួងសុខាភិបាលបានណែនាំ។

សូមបញ្ជាក់ថា អំណោយរបស់រាជរដ្ឋាភិបាលជូនដល់ប្រជាជន យើងដោយផ្ទាល់ដៃពេលនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម- មី១កេស -ត្រីខ១យួរ- ទឹកត្រី១យួរ- ទឹកស៊ីអ៊ីវ១យួរ -និងទឹកបរិសុទ្ធវីតាលមួយកេសផងដែរ។ អំណោយនេះ បានជួយដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយគ្រា ដើម្បីជាកម្លាំងចលករមួយសម្រាប់បន្តដល់ការខិតខំប្រឹងប្រែង ធ្វើការងារបង្កបង្កើនផល ស្តារសេដ្ឋកិច្ចគ្រួសារបន្តទៅទៀត៕