(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានបញ្ជាក់ថា ក្នុងវិធីអុំទូកផ្កាចាអបអរសាទរពិធីបុណ្យអុំទូក និងសំពះព្រះខែអកអំបុក រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៧-៨ ខែវិច្ឆិកា បានទាក់ទាញភ្ញៀវទេសចរចំនួន២៨,៥៧៣នាក់។

លោកបានបន្តថា រដ្ឋបាលស្រុកស្ទោងបានសហការជាមួយលោកឧកញ៉ា ផង់ផាន់ ឃុនថាវង្ស និងលោកស្រី ម៉ន ដានី ជាម្ចាស់គម្រោងដីឡូតិ៍ KP ម៉ន ដានី បានរៀបចំពិធីអុំទូក សំពះព្រះខែអំបុក នៅថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅស្ទឹងនាងសល្ងាច ភូមិត្រាច ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក សាយ គឹមឡម បានបន្ថែមថា ការរៀបចំពិធីអុំទូកគឺជាការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ហើយកម្មវិធីដ៏ឧឡារឹកនាថ្ងៃនេះផ្តល់ឱកាសជូន ប្រជាពលរដ្ឋបានកម្សាន្តសប្បាយ ស្របពេលដែលប្រទេសកម្ពុជាកំពុងមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែទទួលបានការទុកចិត្ត និងគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋ។

ជាមួយគ្នានោះ លោក ផង់ផាន់ ឃុនថាវង្ស បានបញ្ជាក់ថា សម្រាប់ឆ្នាំក្រោយលោកនឹងរៀបចំកម្មវិធីអុំទូកឱ្យល្អប្រសើរជាងនេះនឹងផ្ដល់ប្រាក់រង្វាន់ចំពោះទូកជ័យលាភីលេខ១ និងទទួលបានប្រាក់២ពាន់ដុល្លារផងដែរ។

គួរបញ្ជាក់ថា ទូកដែលបានចូលរួមប្រកួតមានចំនួន២៦ទូក ស្មើ១៣គូ និងកីឡាករកីឡាការិនីចំនួន៤៨២នាក់។ ក្នុងការប្រកួតទូកបានចំណាត់ថ្នាក់លេខ១មានចំនួន៣ទូក ចំណាត់ថ្នាក់លេខ២មានចំនួន៨ទូក និងចំណាត់ថ្នាក់លេខ៣មានចំនួន១៥ទូក ចំពោះទឹកប្រាក់ដែលទទួលបានទូកលេខ១ទទួលបាន៥០០ដុល្លារ ទូកលេខ២ទទួលបាន៣០០ដុល្លារ និងទូកលេខ៣ទទួលបាន១០០ដុល្លារ។

ចំពោះអ្នករាំក្បាលទូកដែលរាំបានស្អាតនិងមានសម្លៀកបំពាក់បែបប្រពៃណីមានចំនួន៤ទូក ក្នុង១នាក់ទទួលបានថវិកា២០ម៉ឺនរៀល និងបានឧបត្ថម្ភទៅដល់កីឡាករទាំងអស់សម្រាប់ពីរថ្ងៃមានអាហារហូបចុកថ្ងៃត្រង់នឹងពេលល្ងាច និងផ្ដល់ថវិកា២ម៉ឺនរៀលក្នុងមួយនាក់៕