(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (១៩៥៣-២០២២) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ។
ពិធីជាប្រវត្តិសាស្រ្តនេះ ប្រារព្ធធ្វើឡើងនៅវិមានស្តូបមិត្តភាពអនុស្សាវរីយ៍កម្ពុជា-វៀតណាម ស្ថិតនៅសង្កាត់បឹងកន្សែង ក្រុងបានលុង ក្រោមវត្តមានចូលរួមពីលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្ត ព្រមទាំងសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកអភិបាលក្រុង-ស្រុកទាំង៩ ប្រធានមន្ទីជុំវិញខេត្ត មន្រ្តីរាជការ កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។
លោក ញ៉ែម សំអឿន លើកឡើងថា ថ្ងៃនេះគឺជាទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២២) គឺជាទិវាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជាតិខ្មែរ ដើម្បីរំលឹកគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ដែលបានដឹកនាំទាមទារឯករាជ្យពីអាណានិគមនិយមបារាំង និងរំលឹកគុណដល់វីរកុលបុត្រកុលធីតា កងកម្លាំងប្រដាប់អាវុធនៃកងយោធពលខេមរភូមិន្ទនៅគ្រប់ជំនាន់ ដោយបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ រួមមាន ការតស៊ូដណ្តើមឯករាជ្យការពុះពារឆ្លងកាត់ដំណាក់កាលនៃសង្គ្រាម និងរបបប្រល័យពូជសាស្រ្ត ប៉ុល ពត ជាពិសេសលើមូលដ្ឋាននៃជ័យជម្នះថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលបានកសាងនូវអ្វីៗគ្រប់យ៉ាងដូចបច្ចុប្បន្ននេះ។
លោក ញ៉ែម សំអឿន បានបន្តថា ដូច្នេះដើម្បីបន្តនូវគំរូវីរភាពដ៏ឧត្តុងឧត្តមថ្លៃថ្លានេះ សូមកម្លាំងប្រដាប់អាវុធទាំងអស់ ជាពិសេសកងយោធពលខេមរភូមិន្ទសូមបន្តការពារមាតុភូមិ ការពារសន្តិសុខសណ្តាប់ធ្នាប់ ថែរក្សារាល់សមិទ្ធផល របស់ជាតិឲ្យគង់វង្សស្ថិតស្ថិរ រួមចំណែកកសាង អភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើនរុងរឿង ក្នុងឯករាជ្យ សន្តិភាព ស្ថិរភាព និងរួបរួមក្នុងមហាសាមគ្គីជាតិដ៏ទូលំទូលាយ ដោយគ្មានការកើតឡើងជាថ្មីទៀតនូវសង្គ្រាមសោកនាដកម្ម និងគ្រោះមហន្តរាយដូចអតីតកាល។
លោកបន្ថែមទៀតថា ទិវាបុណ្យឯករាជ្យជាតិ និងទិវាខួបកំណើតកងយោធពលខេមរភូមិន្ទនាពេលនេះបានឆ្លុះបញ្ចាំងពីជោគជ័យក្នុងកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិខ្មែរយើងទាំងមូល ដែលបានឆ្លងកាត់ដំណាក់កាលមួយ ទៅដំណាក់កាលមួយប្រកបដោយភាពបត់បែននៃដំណើរប្រវត្តិសាស្ត្រដ៏ស្មុគស្មាញជាច្រើន ជាពិសេសឆ្លងកាត់រយៈពេល៦៩ឆ្នាំកន្លងមករហូតដល់បច្ចុប្បន្ននេះ គឺនៅតែរក្សាបាននូវអត្តសញ្ញាណជាកម្លាំងប្រដាប់អាវុធរបស់ជាតិកម្ពុជា ជាកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ដែលប្រសូត្រចេញពីប្រជាជន ដើម្បីប្រជាជន និងឆ្លើយតបទៅនឹងសំណូមពរនៃការតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជន អ្វីៗទាំងអស់ដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជាជាដរាបតរៀងមក និងយូរអង្វែងផងដែរ៕