(ភ្នំពេញ)៖ មេដឹកនាំសាសនាអ៊ីស្លាម នៅកម្ពុជា លោក ឧស្មាន់ ហាស្សាន បានអំពាវនាវឱ្យ ប្រជាពលរដ្ឋ អ្នកកាន់សាសនាអ៊ីស្លាមនៅកម្ពុជាទាំងអស់ រួមគ្នាការពារសន្តិភាពក្នុងប្រទេស ហើយការពារប្រមុខរាជរដ្ឋាភិបាល ដែលបាននាំសន្តិភាពជូនដល់ពួកគេចាប់ពីឆ្នាំ១៩៧៩មក។
លោក ឧស្មាន់ ហាស្សាន បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរ-អ៊ីស្លាម ដែលធ្លាប់រងគ្រោះធ្ងន់ធ្ងរក្នុងរបបប៉ុលពត ប៉ុន្តែចាប់ផ្តើមមានសេរីភាពឡើងវិញ នៅក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ដូច្នេះតាមឱវាទព្រះអាល់ឡោះ អ្នកកាន់សាសនាអ៊ីស្លាមទាំងអស់ត្រូវដឹងគុណចំពោះអ្នកដែលបានធ្វើគុណលើខ្លួន។
លោក ឧស្មាន់ ហាស្សាន ក៏បានអំពាវនាវឱ្យសាសនិកអ៊ីស្លាម នៅកម្ពុជា ជៀសឱ្យផុតនូវការប្រកាន់ ការចូលរួមនូវចលនាផ្សេងៗ ដែលនាំឱ្យបាត់បង់នូវសុខដុមរមនាដែលកំពុងមានបច្ចុប្បន្ន។
លោក ឧស្មាន់ ហាស្សាន បានថ្លែងបែបនេះ នៅក្នុងពិធីពិសារអាហារ ស្រាយបួសខែរ៉ាម៉ាឌននៃសាសនា ឥស្លាមកម្ពុជា ថ្នាក់ជាតិ លើកទី៣ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ នាល្ងាចម៉ោង ០៤៖០០នាទី ថ្ងៃទី ១៤ មិថុនា ២០១៦ ៕