(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង បានរៀបចំទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ក្រោមវត្តមានលោកកាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោក សំឃិត វៀន អភិបាលស្តីទី នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ និងមានការចូលរួមពីសំណាក់មន្ត្រីរាជការគ្រប់ស្ថាប័ន្នកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមយុវជន និងប្រជាពលរដ្ឋជារាប់រយនាក់ ដើម្បីចូលរួមខួបអនុស្សារីយ៍ លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ថ្ងៃទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ។

លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងថា ថ្ងៃ៩ វិច្ឆិកា ជាទិវាឯករាជ្យជាតិ និងជាកំណើតនៃកងយោធពលខេមរភូមិន្ទ ដែលជាថ្ងៃប្រវត្តិសាស្រ្ត នៃការប្រកាសឯករាជ្យពេញលេញ របស់កម្ពុជា ក្រោមព្រះរាជបូនីយកិច្ច និងព្រះរាជបេសកកម្ម ទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង នាឆ្នាំ១៩៥៣ របស់ព្រះករុណាព្រះបាទព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋហើយប្រជារាស្រ្តរបស់ព្រះអង្គទាំងអស់គ្នា តែងតែចងចាំ និងចារឹកជាប់ជានិច្ច ក្នុងជីវិតនូវព្រះមហាករុណាទិគុណ ប្រកបដោយព្រហ្មវិហារធម៌យ៉ាងជ្រាលជ្រៅ របស់ព្រះករុណា ដែលកន្លងមកព្រះអង្គបានបូជា ព្រះកាយពល និងបញ្ញាញានយ៉ាងក្លៀវក្លាបំផុត ដើម្បីធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ទាមទាឯករាជ្យនៅកម្ពុជា ឲ្យរួចផុតពីអាណានិគមនិយមបារាំង។

លោក កាយសំរួម បានបន្ថែមថា ព្រះអង្គបានបន្សល់ទុក្ខនូវស្នាមព្រះហស្ត ដោយពុំអាចកាត់ថ្លៃបាន រហូតមកដល់សព្វថ្ងៃ ព្រមទាំងបានត្រួសត្រាយមាគ៌ា សន្តិភាព សាមគ្គីភាព និងវឌ្ឍនភាព សង្គមជាតិខ្មែរទាំងមូល ដែលយើងទាំងអស់គ្នា ជាកូន ជាចៅ ចៅទួត របស់ព្រះអង្គបានដង្ហែរតាមមាគ៌ាដ៏ថ្លៃថ្លានេះរហូតមក ទោះបីព្រះអង្គយាងចូលព្រះទីវង្គតហើយក្តី។

លោក កាយ សំរួម បានបញ្ជាក់ថា យើងទាំងអស់គ្នាចូលរួមអបអរសាទរនិងចងចាំជានិច្ចខួបលើកទី៦៩ នៃថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ដោយបានចាត់ទុកថា សមិទ្ធផលដ៏ធំធេងទាំងឡាយ ដែលយើងសម្រេចបាននេះ ពិតជាបានមកតាមរយៈការខិតខំពង្រីកនូវវប្បធម៌សន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូរ របស់មនុស្ស រក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម កែលម្អអភិបាលកិច្ច លើកស្ទួយវិស័យសាធារណៈ និង ការអភិវឌ្ឍន៏ជាតិ។ ប្រការនេះបានធ្វើឱ្យប្រទេសកម្ពុជាក្លាយជាមូលដ្ឋានដ៏រឹងមាំ គ្រប់ផ្នែក គ្រប់វិស័យ ធ្វើឱ្យកិត្យានុភាព របស់ប្រទេសមានការផ្លាស់ប្តូរមុខមាត់ថ្មី ស្រស់បំព្រងទាំងផ្ទៃប្រទេសនិងមានកេរ្តិ៍ឈ្មោះល្បីល្បាយនៅលើពិភពលោក៕