(ភ្នំពេញ)៖ លោក ដឹមីត្រូ គូលេបា (Dmytro Kuleba) រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានបង្ហាញនូវការស្ញប់ស្ញែងក្រៃលែងចំពោះសុខសន្តិភាព និងការរស់នៅដោយសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា។ លោករដ្ឋមន្ត្រីនៃប្រទេសកំពុងជួបភាពខ្ទេចខ្ទាំដោយភ្លើងសង្គ្រាមរូបនេះ បានលើកឡើងថា ប្រជាពលរដ្ឋអ៊ុយក្រែនទាំងមូលចង់បានសុខសន្តិភាព និងភាពស្រស់បំព្រងនៃម្លប់សុខសន្តិភាពដូចកម្ពុជា។
លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានគូសរំលេចបែបនេះ ក្នុងឱកាសអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នាវិមានសន្តិភាព។
ប្រទេសអ៊ុយក្រែន និងប្រជាពលរដ្ឋអ៊ុយក្រែនទាំងមូល កំពុងរងការលំបាកយ៉ាងខ្លាំងដោយសារតែសង្គ្រាមឈ្លានពានរបស់រុស្ស៉ីតាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មកនោះ។ ស្ថានភាពរបស់អ៊ុយក្រែននាពេលនេះ មិនខុសអ្វីពីស្ថានភាពរបស់កម្ពុជាកាលពីជាង ៤០ឆ្នាំមុននោះឡើយ។ សង្គ្រាមរ៉ាំរ៉ៃចាប់ពីឆ្នាំ១៩៦០ជាង រហូតដល់ឆ្នាំ១៩៧៩ និងបន្តអូសបន្លាយរហូតដល់ឆ្នាំ១៩៩៨ បានធ្វើឱ្យប្រទេសកម្ពុជា ត្រូវរងនូវវិនាសកម្ម ហើយប្រជាពលរដ្ឋកម្ពុជារស់ក្នុងទុក្ខវេទនា និងគ្រោះអត់ឃ្លានយ៉ាងខ្លោចផ្សារជាទីបំផុត។
ភាពវេទនាដោយសារតែសង្គ្រាមនៅកម្ពុជា មិនអាចកោសលុបពីក្រាំងមាសប្រវត្តិសាស្ត្របាននោះឡើយ។ នៅក្នុងជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី, លោក ដឹមីត្រូ គូលេបា ក៏បានរំលឹកដល់អតីតកាលដ៏ជូរចត់របស់កម្ពុជានេះ។
ការអញ្ជើញមកដល់ដីអតីតហ៊ុមព័ទ្ធដោយផ្សែងភ្លើងសង្គ្រាម និងបានឃើញដោយផ្ទាល់ភ្នែកនូវការអភិវឌ្ឍន៍របស់កម្ពុជានាពេលបច្ចុប្បន្ន បានធ្វើឱ្យលោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន មានក្តីរំភើប និងត្រេកអរជាមួយពលរដ្ឋកម្ពុជាទាំងមូល ដែលបានបិទបញ្ចប់ភ្លើងសង្គ្រាម រកបានសុខសន្តិភាព និងការអភិវឌ្ឍបានយ៉ាងឆាប់រហ័សបែបនេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានគូសបញ្ជាក់ប្រាប់អ្នកព័ត៌មានយ៉ាងដូច្នេះ «ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ឯកឧត្តមពិតជាមានការរំភើប និងអបអរសាទរចំពោះកម្ពុជា ដែលបានឆ្លងការភ្លើងសង្គ្រាមខ្ទេចខ្ទាំ ការកាប់សម្លាប់ប្រល័យពូជសាសន៍ តែមកដល់ពេលនេះកម្ពុជាទទួលបានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍឆាប់រហ័ស និងប្រកបដោយភាពស្រស់បំព្រង។ នេះការប្រាថ្នារបស់ប្រជាជនអ៊ុយក្រែនគ្រប់រូបចង់បាន»។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាធ្លាប់បានឆ្លងកាត់ក្តីឈឺចាប់ និងការវេទនាដោយសារសង្គ្រាម និងការឈ្លានពានរបស់បរទេស ដូច្នេះកម្ពុជាយល់អំពីអារម្មណ៍របស់ប្រជាពលរដ្ឋអ៊ុយក្រែន។
សម្តេចតេជោ បានចូលរួមសោកស្តាយ និងរំលែកការលំបាកជាមួយពលរដ្ឋអ៊ុយក្រែនគ្រប់រូប។ សម្តេចតេជោ ក៏បានជូនពរពលរដ្ឋអ៊ុយក្រែន ឱ្យឆាប់ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍឡើងវិញ។
នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានថ្លែងអំណរគុណកម្ពុជា ដែលបានគាំទ្រអ៊ុយក្រែន តាមរយៈការចេញសេចក្តីថ្លែងការណ៍រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏ដូចជាការទាមទារឱ្យបញ្ឈប់ការប្រើប្រាស់កម្លាំងប្រដាប់អាវុធបន្ទាន់ និងងាកមករកការចរចាបញ្ឈប់សង្គ្រាម។
លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានធ្វើជាស្ថាបនិកគាទ្រចំពោះសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ប្រឆាំងការឈ្លានពានលើអ៊ុយក្រែន។
លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ចាត់ទុកកាយវិការទាំងនេះ ជាការបង្ហាញឱ្យឃើញនូវក្តីបារម្ភរបស់កម្ពុជា ចំពោះហេតុការណ៍កំពុងកើតឡើងនៅអ៊ុយក្រែន។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំហររបស់កម្ពុជាលើសង្គ្រាមនៅអ៊ុយក្រែន គឺនៅតែប្រកាន់ខ្ជាប់ និងគោរពគោលការណ៍ដែលបានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។
សម្តេចតេជោ បានបន្ថែមថា កម្ពុជាតែងតែប្រឆាំងការឈ្លានពាន ការគំរាមកំហែង ឬការប្រើប្រាស់ហិង្សាលើអធិបតេយ្យភាព បូរណភាពទឹកដីនៃរដ្ឋដែលឯករាជ្យ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា កម្ពុជាមិនគាំទ្រដល់ការបំបែករដ្ឋ និងការទន្ទ្រានយកទឹកដីពីប្រទេសដទៃឡើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ សម្តេចតេជោ និងលោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន ក៏បានជួបជជែកគ្នាតាមទូរស័ព្ទពាក់ព័ន្ធបញ្ហាសង្គ្រាមនៅអ៊ុយក្រែនផងដែរ។
ក្នុងជំនួបនោះលោកប្រធានាធិបតី បានស្វះស្វែងរកការគាំទ្រជាបន្តទៀតពីកម្ពុជា ប្រឆាំងការឈ្លានពានរបស់រុស្ស៉ី ហើយក៏បានថ្លែងអំណរគុណកម្ពុជា ដែលតែងតែបង្ហាញជំហរប្រឆាំងការឈ្លានពានរបស់រុស្ស៉ី លើទឹកដីអ៊ុយក្រែន។
ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន ក៏បានចែករំលែពិសោធន៍របស់កម្ពុជាថា សង្គ្រាមមិនអាចបញ្ចប់ដោយការប្រើសង្គ្រាមនោះឡើយ ហើយកម្ពុជាផ្តល់សារៈសំខាន់ដល់ការចរចាដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់សង្គ្រាម៕
</p