(ស្វាយរៀង)៖ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (១៩៥៣-២០២២) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២ ស្ថិតនៅស្តូបរង្វង់មូលវិមានឯករាជ្យខាងមុខសាលាក្រុងស្វាយរៀង។
ពិធីនេះមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការ/ស្នងការរងនគរបាលខេត្ត មេបញ្ជាការ/មេបញ្ជាការរងតំបន់ប្រតិបតិ្តការសឹករងស្វាយរៀង និងកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្វាយរៀង មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាស្ត្រាចារ្យ និស្សិតសាកលវិទ្យាល័យស្វាយរៀង និងសយុវជនសសយកខេត្ត យុវជនកាយរិទ្ធ យុវជនកាកបាទក្រហមប្រមាណ២៥០០នាក់។
លោក ម៉ែន វិបុល បានថ្លែងថា ទិវាប្រកបដោយអត្ថន័យនេះគឺជាការរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩នៃទិវាបុណ្យឯករាជ្យជាតិ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏សំខាន់នៅថ្ងៃនេះ បានឆ្លុះបញ្ចាំងឲ្យកាន់តែច្បាស់អំពីការរំដោះប្រទេសឲ្យរួចផុតពីរបបអាណានិគមនិយមបារាំង ហើយទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ ស្ថិតក្នុងដំណាក់កាលដែលប្រទេសជាតិក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាមួយនិងការរីកលូតលាស់នៃលទ្ធិប្រជាធិបតេយ្យ ក្នុងសុខសន្តិភាព និងសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គមល្អប្រសើរ។
លោកបានបន្ថែមថា កូនចៅប្រជានុរាស្រ្តកម្ពុជាគ្រប់ៗរូបសូមចងចាំ និងដឹងនូវព្រះគុណូបក្ការដ៏ធំធេងនៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គបានបំពេញនូវព្រះរាជបូណីយកិច្ចដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិមាតុភូមិ និងប្រជាជនក្នុងការទាមទារឯករាជ្យជាតិពិតប្រាកដពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕