(កំពង់ស្ពឺ)៖ បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានឱ្យដឹងថា រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២២ ការរៀបចំពិធីបុណ្យអុំទូកនៅក្នុងខេត្តនេះគឺមានប្រជាពលរដ្ឋ ភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្តចំនួន១៤៧,៣៦៨នាក់ ក្នុងនោះក៏មានភ្ញៀវអន្តរជាតិផ្ទៃក្នុងចំនួន៦៥៥នាក់ដែរ។

ពិធីប្រណាំងទូកគ្រប់ខ្នាតនៅខេត្តកំពង់ស្ពឺធ្វើឡើងក្រោមអធិបតីភាពលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងមានវត្តមានមន្ត្រីរាជការ ភ្ញៀវកិត្តយស ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ពិធីប្រណាំងទូកងនេះធ្វើឡើងតាមដងស្ទឹងព្រែកត្នោត ចំពីមុខសួនច្បារសម្តេចសង្ឃ ជួន ណាត ទីរួមខេត្តស្ថិតក្នុងក្រុងច្បារមន ដែលមានពលរដ្ឋអញ្ជើញមកទស្សនានាពេលរាត្រី ដោយមានការប្រគុំតន្ត្រីផ្សាយបន្តបន្ទាល់ បង្កការសប្បាយជូនបងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មាការិនីនាថ្ងៃឈប់សម្រាកនេះផងដែរ។

លោក វ៉ី សំណាង បានលើកឡើង ដោយសារតែមានសន្តិភាព ស្ថិរភាពពេញលេញ ទើបយើងបានសប្បាយរីករាយរកអ្វីមកប្រៀបបានឡើយ។ ការជួបជុំយើងនឹងធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីជូនប្រជាពលរដ្ឋបានមកកម្សាន្ត ក្រោមអត្ថន័យសន្តិភាពធ្វើពិភពលោកបានស្គាល់យ៉ាងច្បាស់ពីកម្ពុជា។

លោកអភិបាលខេត្តកំពង់ស្ពឺបញ្ជាក់ថា បើយើងរក្សាបានសន្តិភាព សន្តិសុខយើងនឹងបាននាំគ្នាសប្បាយដូចពេលបច្ចុប្បន្ននេះ ហើយយើងមានឱកាសបានរកទទួលទានជួបមុខគ្នា មានការអភិវឌ្ឍជឿនលឿនដូចប្រទេសដទៃផងដែរ។

បន្តាប់មក លោក យឹម សុខុម និងលោក វ៉ី សំណាង បានប្រគល់ពានរង្វាន់ចំណាត់ថ្នាក់លេខ១ទូកងខ្នាតអន្តរជាតិផ្នែកបុរស បានទៅលើទូកមានឈ្មោះ «កំពង់ស្ពឺសែនជ័យបារមីលោកយាយម៉ៅ» របស់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចំណាត់លេខ២បានទៅលើទូកមានឈ្មោះ «សំណាងសែនជ័យបារមីលោកយាយម៉ៅពេជ្រនិល» របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ចំណាត់លេខ៣បានទៅលើទូកមានឈ្មោះ «មហាសែនតេជៈ២ធ្នូ៧៨» របស់សហភាពសហព័ន្ធយុវជនកម្ពុជា។

រដ្ឋបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ទូកដែលត្រូវចូលរួមប្រកួតមានចំនួន៤៥គូ ក្នុងនោះមានទូកខ្នាតផ្កាចារបុរសចំនួន៣០ទូកទូកត្នោត ទូកខ្ទះបុរសមានចំនួន៤ទូក ទូកខ្ទះនារីមានចំនួន៤ទូក ទូកខ្នាតអន្តរជាតិបុរសមានចំនួន៥ទូក ទូកកិត្តិយស២ទូក។ ចំណែកប្រតិភូ គ្រូបង្វឹកមានចំនួន៨០នាក់ កីឡាករ/កីឡាការិនីមានចំនួន៤៤២នាក់ ស្រី៤នាក់ សរុបរួមចំនួន៥២២នាក់៕