(ឧត្តរមានជ័យ)៖ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ ជូនដល់ចាស់ឥតទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយ អ្នកផ្ទុកមេរោគអេដស៍ ស្ត្រីទើបសម្រាលកូន និងអ្នកទីទ័លក្រសរុបចំនួន១៥៨គ្រួសារ រស់នៅក្នុងស្រុកបន្ទាយអំពិល ក្រុងសំរោង និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ពិធីចែកអំណោយនេះ បានធ្វើឡើងនៅទីតាំងចំនួន ៣កន្លែងផ្សេងគ្នា ហើយបានចុះដល់គេហដ្ឋានផ្ទាល់ចំនួន ៨គ្រួសារ សម្រាប់ចាស់ជរាឥតទីពឹង និងជនមានពិការភាព ដែលមិនអាចធ្វើដំណើរមកទទួលអំណោយបាន នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បើទោះបីជា សម្តេច មិនបានអញ្ជើញផ្ទាល់ ប៉ុន្តែតាមរយៈសហការីនៃកាកបាទក្រហមកម្ពុជា សម្តេចតែងតែផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ការគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសការពាំនាំនូវសារអប់រំថែទាំសុខភាព ត្រូវគិតគូរថែទាំទាំងសុខភាពផ្លូវកាយ ផ្លូវចិត្តឱ្យបានល្អ និងបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។

បន្ថែមពីនេះ លោកស្រីអគ្គលេខាធិការរងទី១ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវពិសាទឹកដាំឆ្អិន រស់នៅមានអនាម័យ សម្រាកក្នុងមុងជានិច្ច និងលើកកម្ពស់សុវត្ថិភាពអាហារប្រចាំថ្ងៃ តាមរយៈការដាំបន្លែបង្ការក្នុងគ្រួសារ ដើម្បីបានសុខភាពល្អផង និងកាត់បន្ថយការចំណាយក្នុងគ្រួសារផង។

កាកបាទក្រហមកម្ពុជា តែងតែនាំយកនូវអំណោយជាស្បៀងអាហារ សម្រាប់ជួយសម្រាលដល់ជីវភាពរស់នៅ ជាពិសេសកញ្ចប់ឃីតមុងភួយ ដែលនឹងផ្តល់ភាពកក់ក្តៅ ដល់ប្រជាពលរដ្ឋក្នុងរដូវរងានេះ។

លោកស្រីអគ្គលេខាធិការរងទី១ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តខិតខំប្រឹងប្រែងដើម្បីជីវភាពគ្រួសារ ព្រោះថាអំណោយរបស់កាកបាទក្រហមកម្ពុជា អាចជួយសម្រាលការលំបាក ដល់បងប្អូនតែមួយគ្រាប៉ុណ្ណោះ ហើយសូមបងប្អូនទាំងអស់ ចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ព្រោះមានតែសន្តិភាពទេ ដែលអាចឱ្យប្រទេសយើងមានការអភិវឌ្ឍ រីកចម្រើនរុងរឿងបាន។

ជាកិច្ចឆ្លើយតប ប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែបានយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយគ្មានការរើសអើងអ្វីឡើយ។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ២ម៉ឺនរៀល៕