(ឧត្តរមានជ័យ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ចុះនាំយកថ្នាំពេទ្យចំនួន ៥មុខ និងសម្ភារៈពេទ្យចំនួន៤មុខ នៅដើមខែវិច្ឆិកានេះ។
ការប្រគល់ជូនដល់មណ្ឌលសុខភាពចំនួន៣ រួមមាន មណ្ឌលសុខភាពគោកមន ស្ថិតក្នុងស្រុកបន្ទាយអំពិល, មណ្ឌលសុខភាពសំរោង ស្ថិតក្នុងក្រុងសំរោង, មណ្ឌលសុខភាពចុងកាល់ ស្ថិតក្នុងស្រុកចុងកាល់ ដើម្បីរួមចំណែកលើកកម្ពស់សុខភាព របស់ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល និងមានតម្រូវការសេវា នៅតាមមណ្ឌលសុខភាពដោយឥតគិតថ្លៃ។
ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស, លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការថ្លែងអំណរគុណ ចំពោះបុគ្គលិកសុខាភិបាល នៅតាមមណ្ឌលសុខភាពទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយព្យាបាល ថែទាំ បម្រើសេវាសុខភាពជូនដល់ប្រជាពលរដ្ឋ ជាពិសេសបានខិតខំពុះពាររួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។
ទន្ទឹមនឹងនេះ លោកស្រីបានគូសបញ្ជាក់ថា «ការចូលរួមកម្លាំងពីប្រតិបត្តិករជួរមុខ កម្លាំងទ័ពអាវស និងកម្លាំងពហុវិស័យទាំងអស់ បានធ្វើឱ្យកម្ពុជា យើងទទួលបានភាពជោគជ័យ ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ រហូតដល់សម្រេចបាននូវការបើកដំណើរការ សេដ្ឋកិច្ច-សង្គមឡើងវិញលើគ្រប់វិស័យ»។
លោកស្រីមានសង្ឃឹមជឿជាក់ថា អំណោយថ្នាំពេទ្យ និងសម្ភារៈពេទ្យទាំងអស់នេះ នឹងអាចជួយមួយផ្នែកដល់មណ្ឌលសុខភាពសម្រាប់យកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ ដើម្បីបុព្វហេតុប្រជាពលរដ្ឋ និងសង្គមជាតិយើង។
សូមបញ្ជាក់ថា មណ្ឌលសុខភាពនីមួយៗទទួលបាន ៖ Amox ២កេស, Paracetamol ១កេស, Alominium Hydro Xide ១កេស, Pulmoserum Dexane (200ml) ១កេស, Pulmoserum Adulte (150ml) ១កេស, អាវពេទ្យ ១កេស, អាវកូវីដ (PPE) ២កេស, ជែលលាងដៃ ១០កេស និងអាល់កុល ៥០លីត្រ។ អំណោយថ្នាំពេទ្យជារបស់ក្រុមហ៊ុនផលិតឱសថនៃប្រទេសបារាំង Bailly-Creat Laboratory និងសម្ភារពេទ្យជារបស់សប្បុរសជននានា៕