(កំពត)៖ ក្នុងរយៈពេល៣ថ្ងៃ (៦-៨ វិច្ឆិកា ២០២២) នៃព្រះរាជពីធីបុណ្យអុំទូក ខេត្តកំពតទទួលបានភ្ញៀវទេសចរចំនួន៥៨៨,៥០២នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន៥៨៤,២៣៨នាក់ និងភ្ញៀវអន្តរជាតិផ្ទៃក្នុងចំនួន៤,២៦៨នាក់។ នេះបើតាមលោក សយ ស៉ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ដែលបានបញ្ជាក់មកកាន់ Fresh News នាថ្ងៃទី៩ ខែវិច្ឆិកានេះ។
លោកប្រធានមន្ទីរទេសចរណ៍បានបន្តថា ភ្ញៀវទេសចរទាំងនោះបានចូលកម្សាន្តតាមរមណីយដ្ឋាន និងចូលរួមពិធីបុណ្យអុំទូកដែលរៀបចំធ្វើឡើងនៅក្នុងក្រុងកំពត។
លោកបានបន្តទៀតថា សេវាកម្មស្នាក់នៅក្នុងខេត្តគឺមានភ្ញៀវទេសចរចូលស្នាក់នៅពេញរយៈពេល៣ថ្ងៃនេះ ហើយសេវាកម្មគ្រប់ប្រភេទមិនមានបាតុភាពដំឡើងថ្លៃមិនសមស្របនោះទេ។
បើតាមលោកប្រធាន សយ ស៉ីណុល នៅតាមរមណីយដ្ឋាននានាបានដំណើការទៅដោយរលូន ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ៕