(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» នឹងដាក់ឲ្យដំណើរការថ្នាលឌីជីថលគន្លឹះ Cambodia Distributed Ledger ហៅកាត់ថា CamDL នៅថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅក្នុង «វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ» នៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ការដាក់ឲ្យដំណើរការថ្នាល CamDL នេះ គឺជាជំហានថ្មីមួយនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ក្នុងការទាញយកសក្តានុពលពីបច្ចេកវិទ្យាថ្មីៗ ដើម្បីជំរុញឲ្យមាននវានុវត្តន៍ នៅក្នុងវិស័យបច្ចេក-វិទ្យាហិរញ្ញវត្ថុ និងវិស័យហិរញ្ញវត្ថុជារួម។
គម្រោងនៃការរៀបចំថ្នាលឌីជីថលគន្លឹះនេះ គឺដឹកនាំ និងគ្រប់គ្រងដោយលោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។
CamDL គឺជាបណ្តាញប្លុកឆេនចម្រុះ (Hybrid Permissioned Blockchain) ដែលបង្កើតឡើងដើម្បីផ្តល់ជូនសាធារណៈជន នូវថ្នាលមួយសម្រាប់តេស្ត សិក្សាស្វែងយល់ ដកពិសោធ ឬអភិវឌ្ឍកម្មវិធីក្នុងទម្រង់ Web 3.0 ឬកម្មវិធីដែលដំណើរការក្នុងវិស័យហិរញ្ញវត្ថុវិមជ្ឈការ (Decentralized Application - DApp) ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃនៅក្នុងសហគមន៍ និងនៅក្នុងឧស្សាហកម្ម។
ថ្នាលនេះ នឹងបំពេញតួនាទីជាប្រព័ន្ធអេកូឡូស៊ីវិស័យហិរញ្ញវត្ថុវិមជ្ឈការដំបូងគេនៅកម្ពុជា និងស្ថិតក្រោមបញ្ញត្តិកម្មរបស់រាជរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យតួអង្គពាក់ព័ន្ធអាចចូលទៅប្រើប្រាស់ ធ្វើតេស្ត និងសហការគ្នាក្នុងការបង្កើតនវានុវត្តន៍ថ្មីៗដោយប្រើគំរូ «សាកល្បង និងរៀនសូត្រ - Test and Learn»។
សាធារណជន ជាពិសេសអ្នកអភិវឌ្ឍកម្មវិធីអាចធ្វើការពិសោធដោយផ្ទាល់ និងសិក្សាឱ្យបានកាន់តែច្បាស់លាស់ និងស៊ីជម្រៅ ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមា ព្រមទាំងដើម្បីកាត់បន្ថយហានិភ័យ ឲ្យស្ថិតក្នុងកម្រិតអប្បបរមាពីបច្ចេកវិទ្យាថ្មីៗ តាមរយៈការប្រើប្រាស់ថ្នាលនេះ។
បណ្តាញប្លុកឆេនចម្រុះ សំដៅដល់បណ្តាញប្លុកឆេនដែលអនុញ្ញាតឲ្យសាធារណជនមាន លទ្ធភាពចូលទៅប្រើប្រាស់បានដោយសេរី ប៉ុន្តែលក្ខខណ្ឌតម្រូវដើម្បីចូលប្រើប្រាស់ត្រូវបានកំណត់។
ការដាក់ឲ្យដំណើរការថ្នាលឌីជីថលគន្លឹះ CamDL នឹងរួមចំណែកក្នុងការការពារអ្នកប្រើប្រាស់ ជំរុញស្ថិរភាពហិរញ្ញវត្ថុ និងជំរុញឱ្យមានសុចរិតភាពហិរញ្ញវត្ថុ ក៏ដូចជារួមចំណែកក្នុងការកសាងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
តួអង្គពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីវិស័យហិរញ្ញវត្ថុវិមជ្ឈការរួមមាន វិស័យសាធារណៈ វិស័យធនាគារ វិស័យធានារ៉ាប់រង វិស័យមូលបត្រ វិស័យគណនេយ្យនិងសវនកម្ម សហគ្រាសទូទៅ ក៏ដូចជាសាធារណជនទូទៅ អាចប្រើប្រាស់ និងទទួលបានសារៈប្រយោជន៍មួយចំនួនពីថ្នាលឌីជីថលគន្លឹះនេះ៕