(តាកែវ)៖ សូមអបអរសាទរ ដល់ទូក «សម្តេចវិបុលបញ្ញាបារមីមានជ័យ» ដែលទទួលបានជ័យលាភី «ចំណាត់ថ្នាក់លេខ១» ក្នុងព្រឹត្តិការណ៍ប្រណាំងទូក រយៈពេលពីរថ្ងៃ (៦-៧ វិច្ឆិកា ២០២២) នៅរមណីយដ្ឋានទន្លេបាទី ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក សម្រាប់ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តតាកែវ បានរៀបចំឱ្យមានព្រឹត្តិការណ៍ប្រណាំងទូក, ការរៀបចំតាំងពិព័រណ៍ចំណីអាហារ និងផលិតផលប្រចាំរដ្ឋបាលស្រុកនីមួយៗនៃខេត្តតាកែវ, ការប្រគុំតន្ត្រី និងការបាញ់កាំជ្រួចនាពេលរាត្រី សម្រាប់ប្រជាពលរដ្ឋ និងសាធារណជនចូលរួមទស្សនាកម្សាន្តរីករាយ រយៈពេលពីរថ្ងៃ (៦-៧ វិច្ឆិកា ២០២២)។
ក្នុងកម្មវិធីប្រណាំងទូកនោះ មានទូកចូលរួមប្រណាំងសរុបចំនួន ២៦ទូក (ស្មើនឹង ១៣គូ) ដែលមាន ២០ទូក មកពីរដ្ឋបាលក្រុងស្រុកទាំង១០ នៅក្នុងខេត្តតាកែវ និងទូកពិសេសខ្នាតអន្តរជាតិចំនួន ៦ទូក។

នាថ្ងៃចុងក្រោយនៃកម្មវិធីលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការចូលរួមបិទកម្មវិធី និងប្រគល់ពានរង្វាន់ជូនដល់ជ័យលាភីទាំងអស់ ដែលជាលទ្ធផល ក្នុងការប្រណាំងទូករយៈពេលពីរថ្ងៃនេះ ទូកងអុំបុរស ដែលទទួលបានជ័យលាភីរួមមាន៖ ជ័យលាភីលេខ១ ទូក «សម្ដេចវិបុលបញ្ញាបារមីមានជ័យ», ជ័យលាភីលេខ២ ទូក «សុខសែនជ័យបារមីទន្លេបាទី», ជ័យលាភីលេខ៣ ទូក «ទ្រាំងស្វាយអម្ពារសុខសែនជ័យ», និងជ័យលាភីលេខ៤ ទូក «កោះទ្រាអណ្ដែតមុនីសុខសែនជ័យ»

ព្រឹត្តិការណ៍បានប្រព្រឹត្តដោយជោគជ័យនិងរលូន ដោយមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ប្រកបដោយភាពសប្បាយរីករាយ សាមគ្គីភាព ភាតរភាព និងសុខសុវត្ថិភាពខ្ពស់ ដែលលទ្ធផលនេះបានសបញ្ជាក់ឱ្យឃើញពីគុណតម្លៃមិនអាចកាត់ថ្លៃបាននៃកត្តាសន្តិភាព ដែលរាជរដ្ឋាភិបាលសម្រេចបាន ក៏ដូចជាបានបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលខេត្តតាកែវ និងកងកម្លាំង ដែលបានសហការរៀបចំកម្មវិធីនេះឡើងដោយជោគជ័យ៕