(ភ្នំពេញ)៖ ដើម្បីរួមចំណែកក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នាពេលខាងមុខ រដ្ឋបាលខណ្ឌចំការមន បានចុះណែនាំដល់ម្ចាស់អាជីវកម្មក្លឹបកំសាន្ត ឬទីតាំងកម្សាន្តនានា នៅក្នុងមូលដ្ឋានខណ្ឌ ដែលនៅជុំវិញទីតាំងស្នាក់នៅរបស់គណៈប្រតិភូ និងកិច្ចប្រជុំអាស៊ានពាក់ព័ន្ធ ត្រូវផ្អាកដំណើរការប្របកអជីវកម្មជាបណ្ដោះអាសន្ន ៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ប៉ុន្តែទីតាំងផ្សេងៗទៀត ដែលមិនពាក់ព័ន្ឋ ឬនៅឆ្ងាយពីកន្លែងប្រតិភូ ឬឆ្ងាយពីកិច្ចប្រជុំពាក់ព័ន្ឋ អាចដំណើរការធម្មតា ។
លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានបញ្ជាឱ្យលោក ហ៊ត វ៉ាន់ធី និង លោក ម៉ៅ បូណែត អភិបាលរងខណ្ឌចំការមន ដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែង និងណែនាំផ្ទាល់ដល់ម្ខាស់តាមទីតាំងក្លឹបរាត្រីចំនួន១៤ទីតាំង ស្ថិតក្នុងភូមិ១៤ និងភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីឱ្យម្ចាស់ទីតាំងទាំងនេះ ទទួលបានសេចក្តីណែនាំ និងចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីធានាឱ្យប្រាកដថា រាល់ទីតាំងទាំងនោះ ត្រូវបានផ្អាកបណ្តោះអាសន្ន។
ក្នុងកិច្ចប្រតិបត្តិការចុះរដ្ឋបាលនេះ មានការចូលរួមពី លោកនាយករងរដ្ឋបាលខណ្ឌ, លោកមេបញ្ជារងកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម, លោកប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន, លោកអនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ខណ្ឌ, លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់, មន្ត្រីពាក់ព័ន្ធ ។
លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានបញ្ជាក់ថា ដោយយោងស្មារតីអង្គប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ និងយោងសេចក្ដីជូនដំណឹងលេខ ០១៥/២២ របស់រដ្ឋបាលសង្កាត់ទន្លេបាសាក់ លោកបានដឹកនាំក្រុមការងារបានចុះណែនាំដល់ទីតាំង ក្លឹបកំសាន្តទាំងឡាយណា ដែលស្ថិតក្បែរកន្លែងស្នាក់នៅរបស់ប្រតិភូ ដែលចូលរួមកិច្ចប្រជុំ។
ជាលទ្ធផលម្ចាស់អាជីវកម្ម ដែលស្ថិតក្បែរទីតាំងទាំងនោះ បានសហការចូលរួមជាមួយអាជ្ញាធរ ក្នុងការផ្អាកដំណើរការប្រកបអាជីវកម្មរបស់ខ្លួនជាបណ្ដោះអាសន្ន ចំនួន០៦ថ្ងៃ ដើម្បីរួមចំណែកក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ខាងមុខ ។
ជាមួយគ្នានេះ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន សូមអរគុណដល់ម្ចាស់ទីតាំងក្លឹបកំសាន្តទាំងអស់ ដែលបានចូលរួមអនុវត្តតាមខ្លឹមសារណែនាំរបស់ក្រុមការងាររដ្ឋបាលខណ្ឌចំការមន។
ទន្ទឹមនឹងការរៀបចំកិច្ចប្រជុំអាស៊ាននេះ លោកអភិបាល ក៏បានអំពាវនាវដល់ស្ថានីយ៍ប្រេងឥន្ធនៈនៅក្នុងមូលដ្ឋានខណ្ឌចំការមនទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចៀសវាងកើតឡើងនូវឧបទ្ទហេតុណាមួយជាយថាហេតុ។ ចំណែកឯក្លឹបកម្សាន្ត ដែលមិននៅក្បែរទីតាំងកិច្ចប្រជុំ គឺអាចដំណើរការជាធម្មតា៕