(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបង្ហោះសារបង្ហាញនូវការសោកស្តាយ ជាថ្មី ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនអាចចូលរួមទទួលភរិយាថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានា ដែលអញ្ជើញអមដំណើរស្វាមី មកចូលកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបាន ដោយសារបញ្ហាសុខភាព។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅក្មេងពាលពីកំណើតម្នាក់ ឈប់បានឈប់ទៅ រឿងបោកប្រាស់ ពាក់ព័ន្ធការវិភាគអំពីអវត្តមានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការទទួលភរិយាថ្នាក់ដឹកនាំនៃបណ្តាប្រទេសផ្សេងៗ។
ទោះបីសម្តេចមិនបញ្ចេញឈ្មោះក្មេងពាលពីកំណើតនោះជានរណា ប៉ុន្តែគេដឹងថា ចង់សំដៅទៅដល់អ្នកវិភាគក្រៅស្រុក គឹម សុខ ដែលបាននិយាយជាមួយវិទ្យុបរទេសថា អវត្តមានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយសារបញ្ហាសុខភាព គឺជារឿងមិនសមហេតុផល ហើយអ្នកវិភាគរូបនេះបែរជាលើកឡើងថា ការអវត្តមានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតទទួលភរិយា ថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានា គឺដោយសារការអសមត្ថភាព ទៅវិញ។
តាមរយៈសំណេរ និងរូបភាពលើ Facebook ផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីសកម្មភាព របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ាន ឆ្នាំ២០០២ និងឆ្នាំ២០១២ និងការចូលរួមក្នុងការងារសំខាន់ៗជាច្រើនទៀត រួមទាំងពេលចុះហត្ថលេខា លើកិច្ចព្រមព្រៀងប៉ារីស «តាំងពីក្មេងពាល គឹម សុខ នៅស្រាតនៅឡើយ»។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារយ៉ាងដូច្នេះថា «សោកស្តាយដោយភរិយាខ្ញុំមិនអាចចូលរួមទទួលភរិយាថ្នាក់ដឹកនាំនៃប្រទេសនានាបាន ដោយសារបញ្ហាសុខភាព។ តាំងពីចូលរួមអាស៊ាន១៩៩៩ មកភរិយាខ្ញុំមិនដែលខកខាន ក្នុងការចូលរួមប្រជុំអាស៊ានប្រចាំឆ្នាំជាមួយខ្ញុំឡើយ។ ពេលធ្វើប្រធានអាស៊ានឆ្នាំ២០០២ និងឆ្នាំ២០១២ ភរិយាខ្ញុំបានបំពេញកិច្ចការដ៏ល្អក្នុងនាមភរិយាប្រធានអាស៊ាន។
មិនត្រឹមតែអាស៊ានទេ ដែលភរិយាខ្ញុំចូលរួមអមដំណើរខ្ញុំ គឺគ្រប់វេទិការអន្តរជាតិ តែម្តងដែលភរិយានៅជាមួយខ្ញុំរហូតមាន អង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័នត្បូងត្បូង អាស៉ីអឺរ៉ុប។ល។ សូម្បីតែការចរចារកសន្តិភាពរវាងភាគីកម្ពុជា ក៏មានវត្តមានភរិយាទៅចូលរួមជាប់ជានិច្ច ដែលគេអាចមើលឃើញក្នុងខ្សែភាពយន្តគេ និងឃើញភរិយាខ្ញុំឈរពីក្រោយខ្ញុំ ពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីស តាំងពីក្មេងពាលនៅស្រាតនៅឡើយ។
នៅមានទៀតភរិយាខ្ញុំ នៅបានធ្វើសកម្មភាពដោយឡែកផ្សេងទៀតនៅតាមទីកន្លែង និងប្រធានបទខុសៗគ្នារាប់ទាំង ទៅថ្លែងការនៅអង្គការសហប្រជាជាតិ តាមការអញ្ជើញពីអគ្គលេខាធិការអង្គការសហប្រជាជាតិទៀតផង។ ផ្តាំទៅក្មេងពាលពីកំណើត ឈប់បានឈប់ទៅ រឿងបោកប្រាស់»។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានស្នើសុំការអធ្យាស្រ័យពី ភរិយាប្រមុខរដ្ឋ/រដ្ឋាភិបាលនានាដែលនឹងអញ្ជើញមកកម្ពុជា ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនអាចចេញទទួលបាន ដោយសារបញ្ហាសុខភាព។
សម្តេចបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានបញ្ហាសុខភាពទាក់ទងដល់ឆ្អឹងខ្នង ដែលគ្រូពេទ្យតម្រូវឲ្យគាត់មិនអាចអង្គុយយូរបាន៕