(ពោធិ៍សាត់)៖ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងលោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ នាល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋ ជាង៦ពាន់នាក់ ប្រារព្ធពិធីបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅលើបូរីវប្បធម៌កោះសំពៅមាស ទៅតាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរយើង។
ជាមួយនឹងការប្រារព្ធពិធីនេះ គេសង្កេតឃើញមានការពង្រាយកម្លាំងសមត្ថកិច្ចជាច្រើននាក់ ដើម្បីរឹតបណ្តឹង សន្តិសុខ និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍ ដែលបានមកចូលរួមទស្សនាការប្រគុំតន្រ្តី រាំលេងកម្សាន្ត ការបាញ់កាំជ្រូច ការបង្ហោះគោម ដើម្បីចូលរួមអបអរសាទរ និងបង្កើនភាពសប្បាយរីករាយ ឱ្យកាន់តែមានភាពអធិកអធមបន្ថែមទៀត។
បើតាមលោកអាចារ្យ វង្ស វិមាន ប្រធានសមាគមអាចារ្យខ្មែរ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក ដែលធ្វើព្រមគ្នាជាមួយនឹងពិធីបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាមរតកវប្បធម៌ដូនតាខ្មែរសុទ្ធសាធ។ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីនេះ នៅថ្ងៃទី១៤, ១៥កើត និង១រោជ ខែកក្ដិក ដែលមានរយៈពេលបីថ្ងៃ ដើម្បីបន់ស្រន់សុំសេចក្តីសុខសេចក្តីចម្រើន និងទឹកភ្លៀងទៅតាមជំនឿរបស់ប្រជាពលរដ្ឋខ្មែរ, អភិរក្សវប្បធម៌ប្រពៃណីយខ្មែរពីដូនតា, បង្ហាញពីភោគផលដំណាំដាំដុះ របស់ប្រជាកសិករ និងបង្ហាញពីការរីកចម្រើនលូតលាស់គ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម។
លោកអាចារ្យបានបន្ថែមថា ខេត្តពោធិ៍សាត់ ពិតជាមានភ័ព្វសំណាងណាស់ ដែលមានអភិបាលខេត្តយកចិត្តទុកដាក់ បន្តគិតគូរពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និងសិល្បៈ រៀបចំពិធីផ្សេងៗឡើង ជាក់ស្តែងដូចជាពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ដែលទើបតែប្រារព្ធធ្វើ ជាលើកទី៣ កាលពីថ្ងៃទី១៦-១៨ ខែតុលា កន្លងទៅ នៅតាមដងស្ទឹងពោធិ៍សាត់ ទល់មុខផ្លូវចូលវត្តពាលញែក ផ្លូវលេខ១០១ ដោយមានទូកចូលរួមប្រគួតចំនួន២៦ទូក ស្នើនឹង១៣គូ។
សូមបញ្ជាក់ថា ថ្ងៃបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅលើកោះសំពៅមាសនាពេលនេះ ក៏មានរៀបចំគ្រឿងរន្តាប់ បុសបុក ទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា និងព្រហ្មញសាសនា ព្រមទាំងមានជូនភ្ជាប់ទស្សនីយភាព របាំជូនពរ និងរបាំអំបុកខ្មែរថែជាតិ ជូនប្រជាពលរដ្ឋទស្សនា ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកផងដែរ៕