(ភ្នំពេញ)៖ នៅវេលាម៉ោងជាង៧យប់ថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធជាមួយអាស៊ាន។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ការអញ្ជើញមកកាន់កម្ពុជានាពេលនេះ លោក លី ខឺឈាង នឹងថ្វាយបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។

ក្រសួងការបរទេសបានឱ្យដឹងទៀតថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក លី ខឺឈាង នឹងជួបពិភាក្សាទ្វេភាគីនៅវិមានសន្តិភាព ដោយផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាកង្វល់រួម។ នៅចុងបញ្ចប់នៃជំនួប ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន និងក្នុងពិធីសម្ភោធជានិមិត្តរូបបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ។

លោកនាយករដ្ឋមន្ត្រីចិន នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

លោក លី ខឺឈាង ក៏នឹងអញ្ជើញធ្វើទស្សនកិច្ចទៅកាន់ខេត្តសៀមរាប ដែលក្នុងឱកាសនោះ លោកនឹងអញ្ជើញធ្វើជាអធិបតីជាមួយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់គម្រោងស្ថាបនាឡើងវិញ នៃប្រាសាទតាកែវផងដែរ។

សូមបញ្ជាក់ថា ក្រៅតែពីការអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការហើយនោះ លោក លី ខឺឈាង ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធជាមួយអាស៊ានផងដែរ។

កាលពីឆ្នាំ២០១៨ លោក លី ខឺឈាង ធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារួចម្តងមកហើយ៕