(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា នៅឆ្នាំ២០២២នេះ កម្ពុជានឹងអាចប្រមូលពន្ធបានរហូតដល់១១៥ភាគរយ ដែលលើសនឹងផែនការកំណត់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ នាល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេច និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជាអធិបតីបើកវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម២០២២។
សម្តេចបានបញ្ជាក់ថា «ឆ្នាំនេះជាឆ្នាំដែលយើងខ្ញុំមានមោទនភាពខ្លាំងណាស់ ជាមួយនឹងប្រាក់ចំណូលកើនឡើង យើងខ្ញុំបានប្រមូលប្រាក់ចំណូលពន្ធតាមច្បាប់ថវិការបស់យើង ត្រឹមតែជាង១០ខែតែប៉ុណ្ណោះ យើងខ្ញុំបានសម្រេចលើស១០០ភាគរយ នៃផែនការរួចស្រេចទៅហើយ»។
«ឆ្នាំនេះសង្ឃឹមថា ប្រាក់ចំណូលផ្ទៃក្នុងរបស់យើងខ្ញុំ អាចសម្រេចប្រមាណជាង១១៥ភាគរយ យ៉ាងតិច ដូច្នេះនេះជាចំណែកមួយ ដើម្បីទ្រទ្រង់ទៅដល់ការចំណាយ ដែលយើងកំពុងតែត្រូវរ៉ាប់រងជីវភាពរបស់ប្រជាជនរបស់យើង»។ នេះជាការបញ្ជាក់បន្ថែមរបស់ សម្តេចតេជោ។
សូមបញ្ជាក់ថា ត្រឹមរយៈពេល១០ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ សម្រាប់ថវិកាជាតិបាន ២៩៤៥.៩៥លានដុល្លារ ស្មើនឹង១០៤.៤៨ % នៃផែនការកំណត់ដោយច្បាប់ថវិកាឆ្នាំ២០២២ បានសេចក្តីថា ការប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលលើសផែនការចំនួន ៤.៤៨% ស្មើនឹងទឹកប្រាក់ ១២៦.៤១ លានដុល្លារ។
បើតាម លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកពន្ធដារ បានបញ្ជាក់ថា លទ្ធផលនៃការប្រមូលចំណូលពន្ធបានរហូតដល់ ១០៤.៤៨% នៃផែនការប្រចាំឆ្នាំ ត្រឹមតែរយៈពេល១០ខែនេះ ពិតជាមិនអាចកើតមានឡើយ ប្រសិនបើគ្មានការដឹកនាំប្រកបដោយគិតបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិសេសក្នុងគ្រាដែលប្រទេសកម្ពុជា កំពុងឆ្លងកាត់ការលំបាកពីវិបត្តិ ជាច្រើនរួមមាន វិបត្តិជំងឺកូវីដ១៩ និងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សម្ពាធអតិផរណា និងការកើនឡើងថ្លៃ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយផងដែរ៕