(កំពត)៖ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមមន្ត្រីពាក់ព័ន្ធក្រោមឱវាទ បានចុះជួបសំណេះសំណាល ថ្លែងអំណរគុណ និងជូនដំណើរកីឡាទូក ង ទាំងអស់ ដែលរៀបចំវិលត្រឡប់ទៅគេហដ្ឋានភូមិស្រុកវិញ ក្រោយពេលពិធីប្រណាំងទូកង ខ្នាតប្រពៃណី បានបញ្ចប់ដោយជោគជ័យ និងសប្បាយរីករាយ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ម៉ៅ ធនិន បានថ្លែងបញ្ជាក់ថា ពិធីប្រណាំងទូកង នៅខេត្តកំពត បានបញ្ជាប់ទៅដោយភាពរីករាយ និងមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាច្រើនកោះករ ហើយយើងគ្រប់គ្នាពិតជាដិតដាមនូវទិដ្ឋភាពដ៏កម្រ និងអនុស្សាវរីយ៍ដ៏សប្បាយរីករាយទាំងអស់នេះ។ ភាពសុខដុមរមនា អ្វីៗគ្រប់បែបយ៉ាង ដែលនាំមកនូវការអភិវឌ្ឍន៍ និងភាពសប្បាយរីករាយដូចថ្ងៃនេះ គឺកើតចេញពីតម្លៃនៃសន្តិភាព ដែលសម្តេចតេជោស្វែងរកមកដោយលំបាក ហើយតម្លៃសន្តិភាព គឺស្មើនឹងជីវិតមិនអាចយកលុយទៅទិញបានឡើយ។
លោកអភិបាលខេត្ត បានលើកបញ្ជាក់ថា ឆ្នាំនេះពិធីប្រណាំងទូក ង រៀបចំបានល្អប្រសើរ ប៉ុន្តែនៅឆ្នាំក្រោយ គឺរដ្ឋបាលខេត្តកំពត នឹងរៀបចំពិធីប្រណាំងទូកង ឲ្យកាន់តែធំ គគ្រឹកគគ្រេងជាងនេះទៅទៀត។ ក្នុងនោះនឹងបង្កើនចំនួនទូកងទ្វេរដង (២៦គូ) ហើយប្រាក់រង្វាន់ ក៏នឹងបង្កើនផងដែរ ព្រោះឆ្នាំនេះប្រាក់រង្វាន់លេខ១ ទទូលបាន៤០លាន, លេខ២ ទទួលបាន៣៥លាន, លេខ៣ ទទួលបាន ៣០លាន និងលេខ៤ ទទួលបាន២៥លាន គឺនៅស្ទើរចិត្តចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនកីឡាករទូក ង ។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ត្រូវនឹងថ្ងៃទី៣ នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនៅខេត្តកំពត រដ្ឋបាលខេត្ត បានរៀបចំពិធីអកអំបុក ជុំគ្នាជាមួយមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិរួចរាល់ហើយ កម្មវិធីធ្វើនៅទីតាំងមុខសាលាខេត្ត ចាប់ពីម៉ោង ៤៖៣០នាទីរសៀលតទៅ។ រដ្ឋបាលខេត្តបានត្រៀមអំបុក ចេក ដូងរាប់តោន ដើម្បីសប្បាយរួមគ្នា អបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅថ្ងៃទី៣ដែលជាថ្ងៃបញ្ចប់ផងដែរ៕