(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទោះបីសភាពការណ៍ពិភពលោក និងតំបន់មានការប្រែប្រួល ពិបាកប៉ាន់ស្មាន ប៉ុន្តែប្រទេសទាំបពីរគួរតែច្បាស់ថា ទំនាក់ទំនងកម្ពុជា-វៀតណាម នៅតែល្អប្រសើរ គ្មានការប្រែប្រួលទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ នាល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេច និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជាអធិបតីបើកវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម២០២២។
«សភាពការណ៍ពិភពលោកពិបាក នឹងប៉ាន់ស្មាន ប៉ុន្តែអ្វីដែលគួរតែច្បាស់ យើងគួរតែច្បាស់ខ្លួនយើងថា ទំនាក់ទំនងយើងគ្មានការប្រែប្រួល នេះគឺជាចំណុចដែលល្អ»។ នេះជាការបញ្ជាក់របស់ សម្តេចតេជោ។
សម្តេចបានថ្លែងថា វិបត្តិកូវីដ១៩ បានផ្តល់ឱកាសថ្មីដល់ប្រទេសយើងទាំងពីរ ដោយសម្តេចបានរំលឹកថា កន្លងទៅសម្តេច និង លោក ង្វៀង សួនហ្វុក អតីតនាយករដ្ឋមន្ត្រីវៀតណាម ដែលបច្ចុប្បន្នជាប្រធានរដ្ឋវៀតណាម បានដាក់ចេញគោលដៅតែ៥ពាន់លានដុល្លារនៅតែលំបាក ប៉ុន្តែនៅពេលកូវីដ១៩ មកដល់ទំហំពាណិជ្ជកម្ម បានកើនរហូតដល់១០ពាន់លានដុល្លារ។
សម្តេចបានចាត់ទុកថា នេះជាការសេដ្ឋកិច្ចបំពេញឱ្យគ្នាទៅវិញទៅមក។ ចំណុចនេះ ត្រូវបានសម្តេចបញ្ជាក់បន្ថែមថា «បើទោះបីជាសេដ្ឋកិច្ចសកលលោក និងក្នុងតំបន់មានការប្រែប្រួលពិបាកប៉ាន់ស្មាន ប៉ុន្តែអ្វីដែលយើងត្រូវជឿជាក់ គឺទំនាក់ទំនងដៃគូរវាងកម្ពុជា និងវៀតណាម នៅតែល្អ ហើយនៅតែបំពេញឱ្យគ្នាបានជារៀងរហូតទៅ»។
សូមបញ្ជាក់ថា កម្ពុជា និងវៀតណាម ប្រទេសដែលមានព្រំដែនគោកជាមួយគ្នាប្រមាណ ១,២៧០គីឡូម៉ែត្រ បានភ្ជាប់ទំនាក់ទំនងការទូតផ្លូវការនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ទំនាក់ទំនងនេះ ត្រូវបានកាត់ផ្តាច់នៅឆ្នាំ១៩៧០ ហើយភ្ជាប់ឡើងវិញនៅឆ្នាំ១៩៧៩។
នៅឆ្នាំ២០០៥ កម្ពុជា និងវៀតណាម បានដំឡើងកម្រិតទំនាក់ទំនងទៅជា «ទំនាក់ទំនងមិត្តភាពជិតខាងល្អជាប្រពៃណី និងប្រកបដោយសហប្រតិបត្តិការរឹងមាំ យូរអង្វេង និងគ្រប់វិស័យ»។
ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានលើកកម្ពស់ ជាបន្តបន្ទាប់ ហើយតែងតែបានគាំទ្រគ្នាទៅវិញទៅមកទាំងកម្រិតតំបន់ និងលើពិភពលោក។ ក្រោមទំនាក់ទំនងដ៏ល្អប្រសើរនេះ កម្ពុជា និងវៀតណាម តែងជួយគាំទ្រគ្នា និងផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍគ្នាទៅវិញទៅមកជាច្រើនផងដែរ៕